ឯកឧត្តមបណ្ឌិត ម៉ឹង មករា ៖ គណបក្សប្រជាជនកម្ពុជា មានភាពចាស់ទុំជាងគេក្នុងការដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ

កំពង់ចាម ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលមានភាពចាស់ទុំជាងគេក្នុងការដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង និងបន្តដឹកនាំ កសាងប្រទេសជាតិ ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សកម្មជន និងយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ ចំនួនជាង ៣០០០នាក់ នាថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ ។

ពិធីសំណេះសំណាលធ្វើឡើងក្នុងគោលបំណង ពង្រឹងការផ្សព្វផ្សាយគោលនយោបាយ និងសកម្មភាពការងារនានា របស់គណបក្សប្រជាជនកម្ពុជា ដល់សកម្មជនគណបក្ស ដើម្បីអនុវត្តយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខនេះឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ។ ដោយធ្វើយ៉ាងណាកំណត់នូវប្រៀបឈ្នះពីចម្ងាយជូនគណបក្ស ឲ្យបានជាដាច់ខាត ។ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអំពើល្អរបស់មន្ត្រីបក្ស គឺជាកត្តាចំបងក្នុងការកៀរគប្រជាពលរដ្ឋ ឲ្យងាកមកចូលរួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែករក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជានិរន្តរ៍។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានក្រើនរំលឹកដល់សកម្មជនបក្សទាំងអស់ ត្រូវប្រឹងប្រែងពន្យល់នូវប្រវត្តិនៃការតស៊ូ ដឹកនាំ និងស្នាដៃសមិទ្ធផលជាច្រើន ដែលគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្ស ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពលិកម្មគ្រប់បែបយ៉ាងដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានបានបន្ថែមថា ជោគវាសនាដ៏ល្អនៃប្រទេសកម្ពុជា ដែលទទួលបានជាងបួនទសវត្សរ៍កន្លងមកនេះ ក៏ដោយសារ ឧត្តមភាពរបស់គណបក្សប្រជាជន ដែលមានវីរៈជនដ៍ឆ្នើមជាច្រើនរូប ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ ជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទ្ទេសដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់បំផុតជូនជាតិមាតុភូមិ និងប្រជាជន។

សូមបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងមកក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយប្រជាពលរដ្ឋតាមភូមិឃុំក្នុងស្រុកជើងព្រៃ តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើន រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ។ លើសពីនេះ ក្រុមការងារជនបង្គោលក៏បានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ ដូចជា៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹកស្រះទឹក ការដាំកូនឈើលម្អសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner