យុទ្ធជនខ្មែរដែលរងរបួសដោយសារគ្រាប់មីនទទួលបានជំនួយពីបណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

យុទ្ធជនម្នាក់ដែលបានរងរបួសដោយសារគ្រាប់មីនក្នុងពេលចុះជួយសង្គ្រោះពលរដ្ឋថៃម្នាក់ ដែលរងគ្រោះដោយសារគ្រាប់មីន បានទទួលជំនួយឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុនី។

ពលបាលឯក សេង ឆន អាយុ៤០ឆ្នាំ នៃយោធភូមិភាគ៥បានរងរបួសដោយសារដើរជាន់គ្រាប់មីន ខណៈពេលចួលក្នុងព្រៃជួយសង្គ្រោះស្ត្រីថៃម្នាក់ ដែលរងរបួសដោយសារជាន់គ្រាប់មីន នៅពេលនាងដើរបេះបន្លែក្នុងព្រៃ។

ហេតុការណ៍បានកើតឡើងនៅចន្លោះបង្គោលសីមាលេខ៣៧និង៣៨ ក្នុងភូមិសាស្ត្រភូមិក្តឹបថ្ម, ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅទល់មុខភូមិអំពិល, ឃុំតាប់ថៃ, ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ នៃប្រទេសថៃ។ សេចក្តីរាយការណ៍បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានជនជាតិថៃរងរបួសដោយសារផ្ទុះមីននោះមក, កងកម្លាំងដោះមីន យោធភូមិភាគ៥ ចំនួន២៧នាក់ សហការជាមួយកងកម្លាំងភាគីថៃ នៅទល់មុខតំបន់កើតហេតុ បានចេញប្រតិបត្តិការបើកផ្លូវចូលទៅជួយសង្គ្រោះភ្លាមៗ។ ខណៈកំពុងកាប់ឆ្ការព្រៃនោះ ស្រាប់តែមានមីនបានផ្ទុះឡើង ត្រូវចំផ្ទៃមុខពលបាលឯក សេងឆន បណ្តាលឲ្យរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយោធភូមិភាគទី៥។

មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគ៥ លោកឧត្តមសេនីយទោ សេង ធារិន បាននាំយកអំណោយនិងការផ្តាំផ្ញើរសួរសុខទុក្ខរបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ។ លោក សេង ធារិន បានកោតសរសើរនូវស្មារតីរបស់យុទ្ធជនកម្ពុជាដែលបានខិតខំជួយ សង្គ្រោះមនុស្សរងរបួស រហូតបណ្តាលឲ្យប៉ះពាល់ភ្នែកខ្លួនឯង។

លោកសេង ធារិន បានថ្លែង ថានេះគឺជាការបង្ហាញនូវទឹកចិត្តមនុស្សធម៌របស់កងទ័ពកម្ពុជា មិនប្រកាន់ជាតិសាសន៍ ក្នុងការជួយគ្នាទៅវិញទៅមក រក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍតាម អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល៕

ads banner