សមាគម TYDA ចុះព្យាបាលពលរដ្ឋឥតគិតថ្លៃនៅក្នុងខណ្ឌច្បារអំពៅ (Video Inside)
មនសុ្សជាង១ពាន់នាក់ក្នុងខណ្ឌច្បារអំពៅទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។
ការចុះពិនិត្យនិងព្យាបាលជម្ងឺដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដឹកនាំដោយវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង បានធ្វើនាព្រឹកថ្ងៃទី២៨ ខែឧសភា ជាមួយនឹងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តចំនួន ២៦៥នាក់ ដល់ប្រជាពលរដ្ឋចំនួន១ពាន់៥៨៧នាក់ ដែលរស់នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្ម TYDA បានថ្លែងថា បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) គឺជាសមាគមមួយដែលតែងជួយសង្គ្រោះពលរដ្ឋដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ សមាគមគ្រូវពេទ្យស្ម័គ្រចិត្តនេះ បានបង្កើតឡើងនៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១២ ដោយមានបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធាន។
លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង បានថ្លែងក្នុងពេលចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្នុងពេលនោះថា គោលបំណងធំរបស់សមាគម TYDA គឺចូលរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសទីជនបទដាច់ស្រយាលនានា ព្រមទាំងចូលរួមចំណែក បណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ក៏ដូចជាបានផ្តល់ឱកាសដល់ប្អូនៗ និស្សិត និងយុវជនស្មគ្រ័ចិត្តដ៏ទៃទៀតអោយបានចូលរួមចំណែកបំរើការងារមនុស្សធម៌ដល់ សង្គមជាតិ។