សិស្សមេធាវីជំនាន់ទី១៩ ចាប់ផ្តើមសិក្សាថ្ងៃដំបូងរបស់ខ្លួននៅក្នុងអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវីថ្មី នៃអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

ភ្នំពេញ៖ សិស្សមេធាវីជំនាន់ទី១៩ ដែលបានប្រឡងជាប់ចូលរៀននៅក្នុងវគ្គវិជ្ជាជីវៈមេធាវី បានចាប់ផ្តើមចូលរៀនថ្ងៃដំបូងរបស់ខ្លួន នៅក្នុងបរិវេណអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

មានប្រសាសន៍នៅក្នុងឱកាសអញ្ជ់ញចូលរួមក្នុងពិធីបួងសួងសុំសេក្តីសុខ សេចក្តីចម្រើន នៃការចូលបណ្តុះបណ្តាលសិស្សមេធាវី នៅក្នុងអគារថ្មី នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃ កម្ពុជា បានបង្ហាញក្តីសប្បាយរីករាយជាមួយនឹងសិស្សមេធាវីជំនាន់ទី១៩ ដែលបានចាប់ផ្តើមចូលសិក្សានៅក្នុងអគារថ្មីប្រកបដោយផាសុខភាពនេះ។

ឯកឧត្តម លី ច័ន្ទតុលា ក៏បានរំលេចឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេស ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅក្នុងការរៀបចំទីតាំង សំរាប់ការបណ្តុះបណ្តាលគ្រប់វិជ្ជាជីវៈច្បាប់ ក្នុងវិស័យយុត្តិធម៌នេះ នៅក្នុងទីតាំងតែមួយ។ ជាមួយគ្នានេះ ឯកឧត្តម លី ច័ន្ទតុលា ក៏បានរំលេចឡើងពីការផ្តួចផ្តើមរបស់ សម្តេចវិបុលបញ្ញា សុខ អាន ដែលសម្តេចចង់ឱ្យការបណ្តុះបណ្តាលអ្នកក្នុងវិស័យច្បាប់ទាំងអស់នេះ ឱ្យធ្វើនៅទីតាំងតែមួយ។

ឯកឧត្តម លី ច័ន្ទតុលា បន្តថា មេធាវី គឺយើងមានលក្ខណ្ឌនៅក្នុងការជ្រើសរើសយ៉ាងតឹងរឹង ដោយពួកគាត់ត្រូវមានបរិញ្ញាបត្រច្បាប់ និងឆ្លងកាត់ការប្រឡងជ្រើសរើស បន្ទាប់ពីប្រឡងជាប់ ត្រូវទទួលនូវការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីឱ្យគាត់ទទួលបាននូវជំនាញ ច្បាប់បន្ថែមច្បាស់លាស់ ជាពិសសជំនាញពាក់ព័ន្ធនិងកិច្ចការងាររបស់មេធាវី។

បើប្រៀបធៀបទៅនិងកម្រិតបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមេធាវីជាមួយនិងបណ្តាប្រទេសនានា សំរាប់កម្ពុជា ឯកឧត្តម លី ច័ន្ទតុលា បញ្ជាក់ថា បើពិនិត្យទៅលើកម្មវិធីសិក្សា ក៏ដូចជាគ្រូបណ្តុះបណ្តាល គុណភាព និងស្តង់ដានៃការបណ្តុះបណ្តាល មិនខុសពីអ្វីដែលបានអនុវត្តន៍នៅក្នុងបណ្តាប្រទេសផ្សេងទេ ហើនៅក្នុងនេះគឺរបៀបដែលបានអនុវត្តន៍ប្រទេសជប៉ុន និងប្រទេសបារាំង។

លោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានបញ្ជាក់ឱ្យដឹងដែរថា សិស្សមេធាវី ដែលនិងបន្តការសិក្សា នៅក្នុងជំនាន់ទី ១៩ មានចំនួន ៨៥ នាក់ ដែលនិងទទួលការបណ្តុះបណ្តាលសំខាន់ៗចំនួន ២០មុខ បន្ទាប់ពីប្រជុំជ្រើសរើសរើសយកមុខវិជ្ជាណាដែលពាក់ព័ន្ធទៅនិងការអនុវត្តន៍ប្រចាំថ្ងៃ។ លោកមេធាវី ប៉ា ងួនគា បញ្ជាក់បន្ថែម ជាមួយគ្នានេះ ការសិក្សានេះ គឺនិងធ្វើការផ្តោតជាក់ស្តែង និងចុះកម្មសិក្សា បោះជំរុំជាដើម។

គួរបញ្ជាក់ផងដែរថា ដោយសារបញ្ហាជំងឺកូវីដ១៩អស់រយៈពេល៣ឆ្នាំ ការបណ្តុះបណ្តាលមេធាវីគឺត្រូវបានយកទៅធ្វើនៅក្នុងអគារគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ត្រូវបានប្តូរឈ្មោះពីរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។ ជាមួយនឹងការដូរឈ្មោះនេះ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាវិញ ក៏បានប្តូរទីតាំងទៅ នៅលើមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner