សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់រដ្ឋមន្ត្រីអប់រំ យកចិត្តទុកដាក់លើការការពារនិក្ខេបទ ដែលបច្ចុប្បន្នហាក់បីដូចជាធូររលុងពេក

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឱ្យពិនិត្យមើលគុណភាព នៃការបណ្តុះបណ្តាលធនធានថ្នាក់បណ្ឌិតនៅកម្ពុជា ពិសេស យកចិត្តទុកដាក់លើការការពារនិក្ខេបទ ដែលបច្ចុប្បន្នហាក់បីដូចជាធូររលុងពេក ។

សម្តេចតេជោ បានបន្តថា ការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ទាមទារឲ្យអ្នកណែនាំនិក្ខេបទ មានភាពច្បាស់លាស់ មានគុណភាពគ្រប់គ្រាន់ ហើយក៏មិនត្រូវប្រើហួស ដូចជាមានសាកលវិទ្យាល័យខ្លះ មានបេក្ខភាពបណ្ឌិតនោះ វាច្រើនពេកហើយ ហើយអ្នកណែនាំ នៃនិក្ខេបទម្នាក់ ទៅណែនាំមនុស្ស ៣០ ទៅ ៤០ នាក់ គឺទៅមិនរួចទេ ។

សម្ដេចបន្ថែមថា ដូច្នេះហើយ បានជាសម្តេច ទាមទារឲ្យពង្រឹងគុណភាព នៃការបណ្ដុះបណ្ដាល តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ខណៈក្រោយឧត្តមសិក្សា មានបញ្ញាបត្រជាន់ខ្ពស់ ហៅថា អនុបណ្ឌិត និងថ្នាក់បណ្ឌិត ដូច្នេះទាមទារនូវការជំរុញលើកកម្ពស់គុណភាព នៃការបណ្ដុះបណ្ដាល។

សម្តេចតេជោ បានលើកពីវិធីសាស្រ្តដោយទាញយកសាស្ត្រាចារ្យដែលពូកែ និងមានបទពិសោធន៍ ដើម្បីធ្វើជាអ្នកណែនាំនិក្ខេបទនេះនៅក្នុងការសិក្សា ព្រោះថ្នាក់បណ្ឌិត ទាមទារនូវនិក្ខេបទ និងការការពារ ហើយការការពារនៅស្រុកយើងនេះ វាធូរបន្តិចហើយ ពេលខ្លះ គណៈកម្មការការពារ មានតែបីនាក់អីប៉ុណ្ណឹង ឬជួនកាលគ្នាតែពីរនាក់ប៉ុណ្ណោះ ដូចជាធូររលង់ពេក។ ចំណុចនេះ គឺជាចំណុចដែលរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាអ្នកណែនាំនិក្ខេបទ និងគណៈកម្មការការពារនិក្ខេបទផង ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក រូបភាព វេង លឹមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner