រដូវបន្តពូជរបស់សត្វត្រយងចង្កំកសក្នុងឆ្នាំ២០២២-២៣ ត្រូវបានបិទបញ្ចប់ជាមួយការរកឃើញសំបុកកើនឡើងជាងមុន

ភ្នំពេញ៖ ឈានរហូតមកដល់ពេលនេះរដូវបន្តពូជរបស់សត្វត្រយងចង្កំកសក្នុងឆ្នាំ២០២២-២៣ ត្រូវបានបញ្ចប់ ដោយក្នុងនេះជាលទ្ធផល សំបុកសរុបចំនួន ១៣ ដោយក្នុងនោះសំបុកចំនួន ៨ត្រូវបានញាស់ជោគជ័យជាមួយកូនចំនួន ១៣ក្បាល នៅដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្ត រនតគិរី។

យោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងថា៖ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជីវចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា សហការជាមួយឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់និងសហគមន៍ ក្នុងការស្វែងរក និងការពារសំបុករបស់សត្វជិតផុតពូជបំផុតនៃសត្វត្រយងចង្កំកស គេបានរកឃើញចំនួនសំបុករបស់នៅក្នុងរដូវបន្តពូជនេះមានការកើនឡើង បើប្រៀបធៀបនឹងរដូវបន្តពូជក្នុងរយៈពេល៥រដូវកាលចុងក្រោយនេះ ដែលនេះជាសញ្ញាល្អមួយសម្រាប់ដែនជម្រកសត្វព្រៃលំផាត់សម្រាប់គាំទ្រដល់ការរស់នៅនិងការបន្តពូជរបស់សត្វត្រយងចង្កំកស។
ទោះជាយ៉ាងណា ចំនួនសំបុកបរាជ័យនៅតែមានចំនួនច្រើន។ កត្តាដែលនាំដល់ការបរាជ័យភាគច្រើនគឺមិនត្រូវបានរកឃើញ និងមួយចំនួនគឺត្រូវបានរកឃើញថារងការរំខានពីសកម្មភាពមនុស្សដែលនាំអោយសត្វបោះបង់សំបុក។ ការរំខានពីសត្វដទៃទៀតដូចជា ក្អែក ពពួកខ្លែង និងស្ទាំង ក៏ជាមូលហេតុចំបងនាំដល់ការបរាជ័យសំបុកផងដែរ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បង្ហាញជំហរថា នឹងបន្តខិតខំសហការជាមួយមន្ត្រី ឧទ្យានុរក្សដែលជម្រកសត្វព្រៃលំផាត់ ក្នុងការល្បាតការពារសំបុកនិងបង្កើនការផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋចូលរួមការពារសត្វកម្រជិតផុតពូជនៅក្នុងប្រទេសកម្ពុជាយើង ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner