“រុក្ខទិវា” ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងប្រព្រឹត្តទៅ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាក្សត្រ កម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈរៀបចំ ពិធី “រុក្ខទិវា” នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មាន ក ក្នុងភូមិអូរកាឌុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ។

ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានជម្រាបជូនអំពីអត្ថន័យ និងសារសំខាន់នៃពិធី រុក្ខទិវា ០៩ កក្កដា ដែលជាមរតកដ៏ថ្លៃថ្ល របស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ” ពេលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គ តែងបានយកព្រះទ័យទុកដាក់ចំពោះការដាំដុះព្រៃឈើដ៏មានផលប្រយោជន៍សម្រាប់មនុស្ស និងសត្វ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានជម្រុញដល់អជ្ញាធររដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំឲ្យមានកម្មវិធីដាំកូនឈើ នៅទីតាំងណាមួយសមស្រប ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងណែនាំដល់តាមវត្តនីមួយៗ ឱ្យរៀបចំដាំកូនឈើឱ្យបានច្រើន តាមទីសាធារណៈ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ។ ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ ត្រូវជួយធ្វើជាពាក្យស្លោកចងតាមមហាវិថីនានា ក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធី រុក្ខទិវា ០៩ កក្កដា ២០២៣ ខាងមុខនេះ ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner