កម្ពុជា-សង្ហិបុរីបណ្តាក់ទុនរួមគ្នាលើការថែទាំ និងបណ្តុះបណ្តាលជំនាញជួសជុលយន្តហោះនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) និង ក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារភាគហ៊ុនសិង្ហបុរី SIA Engineering Company Limited (SIAEC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការគ្នា ដើម្បីបណ្តាក់ទុនរួមគ្នាលើសេវាកម្ម Line maintenance ពោលគឺការថែទាំ និងជួសជុលយន្តហោះនៅកម្ពុជា។ ផ្អែកលើកិច្ចព្រមព្រៀង ក្រុមហ៊ុន SIAEC នឹងកាន់កាប់ ៥១% នៃក្រុមហ៊ុនបណ្តាក់ទុននេះ ហើយក្រុមហ៊ុន CAIC នឹងកាន់កាប់ ៤៩%។

ក្នុងពិធីចុះកិច្ចព្រមព្រៀងសហការគ្នារវាងក្រុមហ៊ុន CAIC និងក្រុមហ៊ុន SIAEC អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន CAIC បានមានប្រសាសន៍ថា យើងមានជំនឿចិត្តយ៉ាងមុតមាំថា ការផ្តល់នូវជំនាញបចេ្ចកទេសថែទាំ និងជួសជុលយន្តហោះ និងការបំពេញការងារអនុលោមតាមគោលការណ៍របស់ SIAEC នឹងផ្តល់សារៈសំខាន់ដល់ភាពជោគជ័យយូរអង្វែង នៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ជាលទ្ធផលនឹងផ្តល់ឱកាសការងារសំខាន់ៗដល់ទីផ្សារពលកម្មយើងកាន់តែច្រើន ហើយយើងជឿជាក់ថា កិច្ចសហការជាដៃគូរយុទ្ធសាស្ត្រនេះ នឹងហុចផ្លែផ្កាលើសពីការរំពឹងទុក។

ចំណែកលោក ង៉ិន ជិនហ្វី អគ្គនាយកក្រុមហ៊ុន SIAEC បានបញ្ជាក់ថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ជាការសហការជាមួយក្រុមហ៊ុន CAIC ដែលនឹងផ្តល់ការគាំទ្រដ៏ស៊ីជំរៅផ្នែក Line Maintenance ជាមួយការជឿជាក់ខ្ពស់ និងសេវាកម្មវិស្វកម្មប្រកបដោយគុណភាពទៅដល់ប្រតិបត្តិការអាកាសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ផ្អែកលើសមត្ថភាពវិស្វកម្ម និងបទពិសោធន៍ប្រតិបត្តការពីគ្រប់បណ្តាញ LMI របស់ SIAEC ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះរំពឹងថា នឹងក្លាយទៅជាស្ថានីយ៍ថែទាំ និងជួសជុល (MRO) យន្តហោះប្រចាំថ្នាក់តំបន់ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមបញ្ជាក់ថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងបង្កើតឪ្យមានសេវាកម្ម line maintenance នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលត្រូវបានកំណត់ឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិតេជោ។ អាកាសយានដ្ឋានអន្តរជាតិតេជោ (ដំណាក់កាលទី១) គឺជាអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលបានសាងសង់នៅភាគខាងត្បូងទីក្រុង មានចម្ងាយប្រមាណ ១៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជាមួយគម្រោងសាងសង់សរុប ១.៥ពាន់លានដុល្លារ។

ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ចែកចេញជា ៣ដំណាក់កាល ដែលអាចទទួលអ្នកដំណើរបានដល់ ៥០លាននាក់ ដោយមានផ្លូវរត់សម្រាប់យន្តហោះបី និងអគារស្ថានីយ៍ផ្សេងៗគ្រប់ដណ្តប់លើផ្ទៃដីសរុប ២,៦០០ហិកតា។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាខាងលើនេះ នឹងចាប់ដំណើរការនៅខែមីនា ឆ្នាំ២០២៥ ស្របពេលនឹងការចាប់ផ្តើមដំណើរការរបស់អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner