កម្លាំងនគរបាលបង្ក្រាបក្រុមចោកាប់ប្លន់ម៉ូតូ និងអ្នកទទួលផលចោរកម្មសរុប ០៩នាក់ជាបន្តបន្ទាប់
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វេីការឃាត់ខ្លួនជនសង្ស័យសរុប០៩នាក់ជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វេីសកម្មភាពកាប់ប្លន់ម៉ូតូជនរងគ្រោះបានសម្រេចមួយគ្រឿង កាលពីវេលាម៉ោង១និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅផ្លូវ38K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ស័យ្យ ពន្លឺ ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរដឹកអនឡាញ ស្នាក់នៅភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយ ពី មាន ករណី កាប់ វាយ ប្លន់ យក ម៉ូតូ ពីប្រជាពលរដ្ឋរដ្ឋរងគ្រោះ លោក វរសេនីយ៍ ឯក ម៉ន វុធី អធិការ នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ ពោធិ៍ សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាល រាជធានីភ្នំពេញ បានដឹកនាំកម្លាំងផ្នែកសហការជាមួយ ប៉ុស្តិ៍ តាមដាន ស្រាវជ្រាវ កំណត់ មុខសញ្ញា ជនសង្ស័យ ។
សមត្ថកិច្ចបានបន្តថា រហូដល់វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចតាមចាប់ឃាត់ ខ្លួន មុខសញ្ញា និងបក្ខពួក បានចំនួន៥នាក់ ស្ថិតនៅ ភូមិចំការឪឡឹក០២ សង្កាត់កាកាបទី០២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ហេីយបាននាំខ្លួនជនសង្ស័យ មកសាកសួរ បន្ទាប់មកជនសង្ស័យក៏បានសារភាព និងបន្តតាមចាប់ប័ក្ខពួកចំនួន ៣នាក់បន្ថែមទៀត នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ទេីបសមត្ថកិច្ចបន្តចុះចាប់អ្នកទទួលផលចោរកម្មម្នាក់ទៀតក្នុងមូលដ្ឋានខណ្ឌមានជ័យដកហូតម៉ូតូមួយគ្រឿងផងដែរ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ភារ៉ា និងប៊ុនធី