អង្គភាពប្រឆាំងអំពើពុករលួយ៖ ក្នុងខែឧសភា មានមន្ត្រីចំនួន ២០៩ នាក់ បានប្រកាសទ្រព្យសម្បត្តិ និងពាក្យប្តឹងចំនួន៣០
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាគិតក្នុងអំឡុងខែ ឧសភា ឆ្នាំ ២០២៣នេះអង្គភាពរបស់ខ្លួនបានទទួលមន្ត្រីចំនួន ២០៩ នាក់ បានមក ប្រកាសទ្រព្យសម្បត្តិ និងបំណុល ហើយចំណែកពាក្យប្តឹងវិញមាន ចំនួន៣០។
សូមជម្រាបថា នារសៀលថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៣ នេះ ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយបានបើកកិច្ចប្រជុំប្រចាំខែរបស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយលើកទី២២អាណត្តិទី៣។
យោងតាមរបាយការណ៍ព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងក្នុងកិច្ចប្រជុំនេះដែរថាក្នុងខែឧសភា ឆ្នាំ ២០២៣នេះ ចំពោះការងារ ប្រកាស ទ្រព្យសម្បត្តិ និងបំណុលគឺមានមន្ត្រីចំនួន ២០៩ នាក់ បានមក ប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបាន ការតែងតាំង ថ្មីចំនួន ១៥៨ នាក់ និងមន្ត្រី ៥១ នាក់ ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និង បំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ -ចូល និវត្តន៍ និងចប់អាណត្តិ។
ប្រភពខាងលើដដែលនេះបានបញ្ជាក់បន្ថែមថាសម្រាប់ ការងារពាក្យ ប្ដឹងវិញ អង្គភាព ប្រឆាំងអំពើពុករលួយបានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះចំនួន ៣០ ពាក្យប្ដឹង។
អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងបន្ថែមក្នុងរបាយការណ៍របស់ខ្លួនថាចំពោះការងារអប់រំវិញអង្គភាពប្រឆាំងអំពើពុករលួយ បានបង្រៀនមេរៀន ច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយ ជូនដល់កម្មសិក្សាការី សុក្រឹតការវិជ្ជាជីវៈ មេធាវី វគ្គទី១៤ ចំនួន បីលើក ដោយមានសិក្ខាកាមចូលរួមលើកទី១ ចំនួន ១២០ រូប -លើកទី២ ចំនួន ១១០ រូប និងលើកទី៣ ចំនួន ១០៦ រូប។អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំរួចរាល់ សេចក្តីព្រាងមេរៀន ស្តីពីការ ប្រឆាំងអំពើពុករលួយ សម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីសិក្សាកម្រិត ឧត្តមសិក្សា និងសាលាវិជ្ជាជីវៈ៕
អត្ថបទ៖លោក ជិនម៉ាដេប៉ូ
រូបភាព៖លោក ហេង សម្បត្តិ