សត្វស្លាបរាប់រយក្បាលដេកងាប់នៅលើឆ្នេរនៃប្រទេសស៊ីលី ខណៈមានការព្រួយបារម្ភពីផ្ដាសាយបក្សីសត្វក្នុងតំបន់

ស៊ីលី៖ សត្វស្លាបប្រហែល ២០០ ក្បាលបានដេកងាប់នៅតាមបណ្ដោយឆ្នេរឆាងហ្គា(Changa) ក្នុងខេត្តកូគីមបូ (Coquimbo) នាភាគខាងជើងនៃប្រទេសស៊ីលី កាលពីថ្ងៃអាទិត្យកាលពីចុងសប្ដាហ៍ ដោយគេមិនច្បាស់ពីមូលហេតុច្បាស់នោះទេ ខណៈមានការព្រួយបារម្ភពីជំងឺផ្ដាសាយបក្សីសត្វនៅក្នុងតំបន់។

នាពេលនេះ អាជ្ញាធរក្នុងតំបន់បានបញ្ជូនសំណាកសត្វស្លាបដែលដេកងាប់ទាំងនោះ ទៅកាន់មន្ទីរពិសោធន៍ក្នុងរដ្ឋធានីសាន់ធីអាហ្គោ (Santiago) ដើម្បីកំណត់រកពីមូលហេតុពិតប្រាកដ ថាតើវាងាប់ដោយសារតែករណីឆ្លងជំងឺផ្តាសាយបក្សី ឬយ៉ាងណា។

បើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ អាជ្ញាធរក៏បានហាមប្រាមផងដែរ មិនឱ្យប្រជាពលរដ្ឋក្នុងតំបន់ប៉ះពាល់ ឬប្រមូលសត្វស្លាបដែលដេកងាប់ទាំងនោះ យកទៅធ្វើអ្វីមួយ ដើម្បីជាការបង្ការក្នុងករណីបើមានជំងឺឆ្លងផ្ដាសាយបក្សី។

គួរបញ្ជាក់ថា នេះមិនមែនជាករណីកម្រកើតមានទេ ដែលសត្វស្លាបដេកងាប់លើឆ្នេរស៊ីលីយ៉ាងដូច្នេះ គ្រាន់តែវាអាស្រ័យនៅលើចំនួនច្រើនប៉ុណ្ណា។ កាលពីខែឧសភា ឆ្នាំ ២០១៥ សត្វស្លាបសមុទ្រជាង ១ ៣០០ ក្បាល បានដេកងាប់យ៉ាងអាថ៌កំបាំងនៅឆ្នេរភាគកណ្ដាលនៃប្រទេសនេះ ដោយអាជ្ញាធរមូលដ្ឋានកាលពីពេលនោះបានសន្និដ្ឋានថា វាអាចងាប់ដោយសារតែលង់ទឹកពេលជាប់សំណាញ់នេសាទ ឬជំងឺផ្ដាសាយបក្សីសត្វ។

ក្នុងឆ្នាំ ២០១២ សត្វស្លាបជាង ២ ៣០០ ក្បាលបានដេកងាប់លើឆ្នេរដូចគ្នា ដោយអាជ្ញាធរមូលដ្ឋានស៊ីលីពេលនោះ បានសន្និដ្ឋានថា ការជាប់សំណាញ់នេសាទគឺជាមូលហេតុនាំមុខ ដោយសម្អាងលើស្នាកស្នាមនៃសាកសពសត្វ។

យ៉ាងណាមិញ ការងាប់នៃសត្វស្លាបប្រហែល ២០០ ក្បាលកាលពីចុងសប្ដាហ៍កន្លងទៅនេះ ក៏ត្រូវបានគេគូសភ្ជាប់ការព្រួយបារម្ភទៅនឹងការឆ្លងរាលដាលនៃជំងឺផ្ដាសាយបក្សីសត្វនៅប្រទេសក្នុងតំបន់ផ្សេងទៀត ដូចជាអាហ្សង់ទីន ប៉ារ៉ាហ្គាយ ពេរ៉ូ និងប្រេស៊ីលជាដើម។ កាលពីថ្ងៃចន្ទ សប្ដាហ៍មុន ក្រសួងកសិកម្មប្រេស៊ីល បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៃសុខភាពសត្វរយៈពេល ៦ ខែ ដើម្បីឆ្លើយតបទៅនឹងការរកឃើញករណីវីរុសបង្កជំងឺផ្តាសាយបក្សី H5N1 នៅក្នុងសត្វព្រៃ។

អ្វីដែលគួរឱ្យព្រួយបារម្ភកាន់តែខ្លាំងនោះ គឺថា ជំងឺផ្ដាសាយបក្សីសត្វ គឺជាមូលហេតុដែលធ្វើឱ្យសត្វសមុទ្រនៃប្រទេសអាមេរិកខាងត្បូងទាំងនេះ រាប់ម៉ឺនក្បាលបានដេកងាប់។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន សេវាជលផល និងវារីវប្បកម្មជាតិស៊ីលី (SERNAPESCA) បាននិយាយថា ចាប់តាំងពីដើមឆ្នាំ ២០២៣ មក សត្វភេសមុទ្រ ភេនឃ្វីន អណ្តើក និងប្រភេទថនិកសត្វសមុទ្រផ្សេងៗទៀតដូចជាដូហ្វីន ជិត ៩ ០០០ ក្បាល បានស្លាប់ដោយសារតែការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី នៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសស៊ីលី៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner