បន្ទាប់ពីចេញពីពន្ធនាគារ៖ លោក ថេង សាវឿន អំពាវនាវដល់សមាជិកខ្លួនកុំចូលរួមក្នុងការប្រមូលផ្តុំ ឬក៏ការតវ៉ាអំពាវនាវដោយក្រុមអ្នកនយោបាយជ្រុលនិយម

ភ្នំពេញ៖ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ញិល ភាព និងលោក ថាន់ ហាច បានអំពាវនាវដល់សមាជិក សមាជិការបស់ខ្លួន និងប្រជាពលរដ្ឋនៅតាមសហគមន៍ទាំងអស់នៅទូទាំងប្រទេស សូមកុំចូលរួមក្នុងការប្រមូលផ្តុំ ឬក៏ការតវ៉ាទាំងឡាយណាដែលអំពាវនាវដោយក្រុមអ្នកនយោបាយជ្រុលនិយមរបស់គណបក្សនយោបាយដែលជាអំពើខុសច្បាប់ ហើយសូមចូលរួមថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីពួកគេត្រូវបានដោះលែងចេញពីពន្ធនាគារនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

តាមរយៈវីដេអូ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងសាលាដំបូងខេត្តរតនគិរី ដែលមានចិត្តសណ្តោសប្រណីដោះលែងពួកខ្លួនទាំងបីនាក់ (លោកថេង សាវឿន លោកញិល ភាព និងលោកថាន់ ហាច) ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នក្នុងការជួបជុំរួមរស់ជាមួយនឹងគ្រួសារ និងសាច់ញាតិក្នុងពេលបច្ចុប្បន្ននេះ។ បន្ទាប់ពីពួកខ្លួនទាំងបីនាក់ បានប្រព្រឹត្តនូវកំហុសឆ្គងលង់ជឿតាមបុគ្គលបរទេស និងអ្នកនយោបាយគណបក្សប្រឆាំង ប្រឆាំងជ្រុលនិយម រហូតដល់មានចេតនានៅក្នុងប្រមូលផ្តុំញុះញង់ឱ្យមានការងើបឡើងប្រឆាំងតវ៉ាផ្តួលរំលំរដ្ឋាភិបាលដោយស្របច្បាប់។

លោក ថេង សាវឿន លោក ញិល ភាព និងលោក ថាន់ ហាច បានសន្យាថា “យើងខ្ញុំទាំងបីនាក់នឹងមិនធ្វើសកម្មភាព និងមិនចូលរួមជាដាច់ខាតជាមួយនឹងការអូសទាញ ឬក៏លង់ជឿទៅលើការអូសទាញរបស់ជនបរទេស និងក្រុមអ្នកនយោបាយប្រឆាំង ដើម្បីញុះញង់ឱ្យមានការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលស្របច្បាប់នោះឡើយ ហើយខ្ញុំបាទនឹងធ្វើការចូលរួមនៅគ្រប់នីតិវិធីរបស់សាលាដំបូងខេត្តរតនគិរី និងគោរពច្បាប់ទាំងអស់គ្នា”។

ជាមួយគ្នានេះ លោក ថេង សាវឿន បានធ្វើការអំពាវនាវដល់សមាជិក សមាជិការបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងប្រជាពលរដ្ឋនៅតាមសហគមន៍ទាំងអស់នៅទូទាំងប្រទេស សូមកុំចូលរួមក្នុងការប្រមូលផ្តុំ ឬក៏ការតវ៉ាទាំងឡាយណាដែលអំពាវនាវដោយក្រុមអ្នកនយោបាយជ្រុលនិយមរបស់គណបក្សនយោបាយទាំងឡាយណាដែលជាអំពើខុសច្បាប់។ សូមចូលរួមថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ សូមបន្តចូលរូមសហការជាមួយរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដើម្បីបន្តដោះស្រាយបញ្ហា ហើយប្រើប្រាស់សិទ្ធិទៅចូលរួមបោះឆ្នោតដែលនឹងប្រព្តឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងបក្ខពួកពីរនាក់ បានទទួលស្គាល់កំហុសដែលធ្វើសកម្មភាពជឿតាមការចង្អុលបង្ហាញរបស់ជនបរទេស និងក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ក្នុងរូបភាពប្រមូលផ្តុំសមាជិកសហគមន៍ជាកសិករឈានដល់ការប្រឆាំងក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាល។ នេះបើយោងតាមលិខិតរបស់ទទួលកំហុសរបស់លោក ថេង សាវឿន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ លោក ថេង សាវឿន បានសរសេរលិខិត និងចេញវីដេអូសុំទោស ចំពោះអ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តនាពេលកន្លងមក ដោយជឿតាមការញុះញង់របស់ក្រុមមន្ត្រីគណបក្សប្រឆាំង។ តាមរយៈលិខិតទទួលកំហុសលោក ថេង សាវឿន បានទម្លាយឱ្យដឹងថា ដោយចាប់ផ្តើមពីសកម្មភាពបង្កើតសមាគម ហើយធ្វើសកម្មភាពរហូតមកដល់បច្ចុប្បន្ន លោកបានលង់ជឿតាមការចង្អុលរបស់ជនបរទេសមួយចំនួន និងក្រុមអ្នកប្រឆាំងមួយចំនួនក្នុងរូបភាពញុះញង់បង្កចលសាចលធ្វើឱ្យបាត់បង់ និងប៉ះពាល់សណ្តាប់ធ្នាប់សង្គមនិងសាធារណៈ ក្នុងរូបភាពប្រមូលផ្តុំសមាជិកសហគមន៍ជាកសិករឈានដល់ការប្រឆាំងក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលដោយមិនដឹងខ្លួន៕
ដោយ៖ពលជ័យ

ads banner