អ្នកនាំពាក្យក្រសួងមហាផ្ទៃព្រមានចាត់វិធានការច្បាប់ និងអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលចំពោះមេដឹកនាំគណបក្សភ្លើងទៀន ដែលរឹងទទឹងហ៊ានដឹកនាំធ្វើបាតុកម្ម ធ្វើការបះបោរ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការច្បាប់ និងអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលចំពោះមេដឹកនាំគណបក្សភ្លើងទៀន ដែលរឹងទទឹងហ៊ានដឹកនាំធ្វើបាតុកម្ម ធ្វើការបះបោរនៅពេលខាងមុខនេះ។ ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីលោក រ៉ុង ឈុន បានប្រកាសតាមវិទ្យុ VOA កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ថា នឹងប្រមូលផ្តុំមនុស្សប្រមាណ១ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យនៅចុងសបា្តហ៍នេះ ដើម្បីតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចមិនឱ្យគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោត។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី៣០ ខែឧសភានេះថា “សេចក្តីសម្រេចនេះ ជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងបិទផ្លូវតវ៉ា ហើយគ្មានអ្នកណាសម្រេចលើសពីនឹងបានទៀតទេ ទោះជាតវ៉ាក៏អត់បានចូលរួមបោះឆ្នោតដដែល ហើយបើសិនជាតវ៉ា គឺគេនឹងថា គេធ្វើបាតុកម្មតវ៉ា។ បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល គឺនៅតែមានតម្លៃដដែល រដ្ឋាភិបាលនៅមិនទាន់ដកបទបញ្ជានៅឡើយទេ បានសេចក្តីថា បញ្ជាមកសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឲ្យត្រៀមដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមេដឹកនាំគណបក្សភ្លើងទៀនណាដែលរឹងទទឹងហ៊ានដឹកនាំធ្វើបាតុកម្មធ្វើការបះបោរ និងមួយទៀតបញ្ជាឱ្យគុកទាំងអស់បើកទ្វារចាំទទួល។ ដូច្នេះយើងអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល”។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបន្តថា នៅក្នុងច្បាប់បោះឆ្នោត អត់មានប្រការត្រង់ណាមួយដែលចែងថា បោះឆ្នោតត្រូវតែមានគណបក្សភ្លើងទៀន ចូលរួមវាអត់មាន មានតែបោះឆ្នោតតាមរបបប្រជាធិបតេយ្យ សេរីពហុក្ស ហើយមានគណបក្សចំនួន១៨ បានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដូច្នេះវាជាលទ្ធិប្រជាធិបតេយ្យមួយសមរម្យហើយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានបន្តថា ចំពោះបរទេសខ្លះនៅតែអះអាងថា ចង់ឱ្យគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោត សួរទៅវិញថ តើនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានចែងថា ពេលបោះឆ្នោតត្រូវតែមានគណបក្សភ្លើងទៀន ឬបក្សប្រឆាំងទេ វាអត់មានចែង។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា “បើសិនគណបក្សភ្លើងទៀន មានគម្រោងធ្វើបាតុកម្មដាក់ញ្ញត្តិ ក្រសួងមហាផ្ទៃក៏មានគម្រោងមិនទទួលញ្ញត្តិនឹងដែរ ហើយនឹងអនុវត្តយ៉ាងម៉ឹងម៉ាត់នៅបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល”។

គួរបញ្ជាក់ឱ្យដឹងថា តាមព័ត៍មានបែកធ្លាយពីផ្ទៃក្នុងគណបក្សភ្លើងទៀនបានឲ្យដឹងថា លោក រ៉ុង ឈុន បានដើរខុសពីគោលការណ៍បក្សភ្លើងទៀន ដោយបានទាក់ទងជាមួយ សម រង្ស៊ី ដែលកំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ី ដើម្បីរៀបផែនការបង្កចលាចល។ នៅយប់ថ្ងៃទី២៩ ខែឧសភា រ៉ុង ឈុន បានប្រកាសតាមវិទ្យុ VOA ប្រមូលផ្តុំមនុស្សប្រមាណ១ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យនៅចុងសបា្តហ៍នេះ ដើម្បីតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចមិនឱ្យបក្សភ្លើងទៀនចូលរួមការបោះឆ្នោតដែលផ្ទុយពីស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាលបក្សកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Jasmine Angkor នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

គណនីហ្វេសប៊ុកឈ្មោះ Jasmine Angkor បានបន្តថា រ៉ុង ឈុន កំពុងតែបំផ្លាញបក្សភ្លើងទៀន ដែលអាចប្រឈមមុខនឹងការរំលាយបក្សនេះ និងបាត់បង់អាសនៈនៅក្រុមប្រឹក្សាឃុំសង្កាត់ ហើយក៏បាត់ឱកាសចូលរួមបោះឆ្នោតក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ក៏ដូចជាបោះឆ្នោតព្រឹទ្ធសភាខាងមុខ។ ចេតនារបស់ រ៉ុង ឈុន និងសម រង្ស៊ី ធ្វើយ៉ាងណាឱ្យបក្សភ្លើងទៀនបែកខ្ទេចខ្ទី។ ផ្ទៃក្នុងបក្សមើលឃើញថា រ៉ុង ឈុន អាចនឹងប្រឈមនឹងការវិលត្រឡប់ចូលក្នុងគុកសាជាថ្មីដោយសារតែដើរផ្ទុយពីសាលក្រមតុលាការ។ ប្រភពដដែលបានបន្តថា បក្សភ្លើងទៀន មិនទទួលខុសត្រូវចំពោះទង្វើ រ៉ុង ឈុន នេះទេ នណាក៏ដឹងដែរថា រ៉ុង ឈុន ឯងយកលុយពី សម រង្ស៊ី មកធ្វើបាតុកម្ម៕
ដោយ៖ពលជ័យ

ads banner