ស្ថាបនិក Tesla ចង់ពង្រីកអាជីវកម្មនៅចិន
ប៉េកាំង៖ លោក Elon Musk នៅថ្ងៃអង្គារនេះ បាននិយាយថា លោកមានឆន្ទៈក្នុងការពង្រីកអាជីវកម្មរបស់គាត់នៅក្នុងប្រទេសចិន ខណៈដែលគាត់បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង នៅទីក្រុងប៉េកាំង ក្នុងដំណើរទស្សនៈកិច្ចលើកដំបូងមកកាន់ប្រទេសចិនក្នុងរយៈពេលជាងបីឆ្នាំ។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង នៅទីក្រុងប៉េកាំង លោក Elon Musk បាននិយាយថា លោកមានឆន្ទៈក្នុងការបន្តពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិន ប៉ុន្តែលោកបានសង្កត់ធ្ងន់អំពីការប្រឆាំងរបស់ក្រុមហ៊ុន Tesla ចំពោះការកាត់ផ្តាច់សេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក។

ក្រសួងការបរទេសចិនបានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា លោក ឈីន បានប្រាប់លោក Musk ថា ប្រទេសចិនបានប្តេជ្ញាចិត្ត ក្នុងការបង្កើតទីផ្សារឱ្យកាន់តែប្រសើរឡើង ដែលផ្អែកលើគោលការណ៍ច្បាប់ និងបរិយាកាសធុរកិច្ចអន្តរជាតិសម្រាប់សហគ្រាសបរទេស។ លោក ឈីន បានសង្កត់ធ្ងន់ថា ចិន និងសហរដ្ឋអាមេរិកគួរតែចាប់ហ្រ្វាំងឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការបើកបរប្រកបដោយគ្រោះថ្នាក់។

ប្រទេសចិនគឺជាទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក ហើយក្រុមហ៊ុន Tesla របស់លោក Musk បានប្រកាសកាលពីខែមេសាថា ខ្លួននឹងសាងសង់រោងចក្រដ៏ធំទីពីរនៅទីក្រុងសៀងហៃ។
រោងចក្រផលិតអាគុយដែលបានប្រកាសកាលពីខែមេសាកន្លងមកនេះ នឹងក្លាយជារោងចក្រទីពីររបស់ក្រុមហ៊ុន Tesla នៅក្នុងទីក្រុងសៀងហៃ បន្ទាប់ពីក្រុមហ៊ុន Gigafactory ដែលបានបើកដំណើរការនៅឆ្នាំ ២០១៩។

រោងចក្រថ្មីដែលនឹងមានសមត្ថភាពផលិតអាគុយដំបូង ១០,០០០ Megapack ក្នុងមួយឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផលិតកម្មនៅត្រីមាសទីពីរ ឆ្នាំ២០២៤ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួររបស់ចិន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា