ម៉ាឡេស៊ីឃាត់ខ្លួនកប៉ាល់ចិន ដោយសង្ស័យថា បានលួចបំណែកនាវាចម្បាំងអង់គ្លេសនៅសម័យសង្គ្រាមលោកលើកទី២
គូឡាឡាំពួរ៖ ទីភ្នាក់ងារដែនសមុទ្រម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ពួកគេបានរកឃើញសម្បកគ្រាប់កាណុងនៅលើកប៉ាល់មួយដែលចុះបញ្ជីនៅប្រទេសចិន ហើយត្រូវបានគេសន្និដ្ឋានថាជាសម្បកបន្សល់ទុកពីសម័យសង្គ្រាមលោកលើកទី២។
ក្រុមមន្ត្រីជំនាញបាន និងកំពុងធ្វើការស៊ើបអង្កេតបន្ថែមដើម្បីឱ្យដឹងប្រាកដថាតើកប៉ាល់ដឹកទំនិញនោះមានជាប់ពាក់ព័ន្ធនឹងការលួចប្លន់បំណែកនាវាចម្បាំងអង់គ្លេសពីរគ្រឿងនៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែរឬក៏យ៉ាងណា?។
ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានរាយការណ៍ថា ក្រុមប្រតិបត្តិករជួយសង្គ្រោះដោយខុសច្បាប់ត្រូវបានគេជឿថាបានដាក់កំណត់គោលដៅស្វែងរកនាវាចម្បាំងប្រភេទ HMS Repulse និងប្រភេទ HMS Prince of Wales ដែលត្រូវបានលិចបាត់ទៅក្នុងបាតសមុទ្រនៅឆ្នាំ១៩៤១ ដោយសារការបាញ់ប្រហារដោយគ្រាប់បែករបស់ជប៉ុន ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារនៅលើកំពង់ផែផឺលហាបឺ (Pearl Harbor)។
កាលណោះនាវិកសរុបចំនួន ៨៤២ នាក់បានបាត់បង់ជីវិត ហើយព្រឹត្តិការណ៍នេះត្រូវបានគេចាត់ទុកថាជាសោកនាថកម្មផ្នូរសង្គ្រាមមួយដ៏សោកសៅដែលបានកើតឡើងនៅក្នុងរដ្ឋប៉ាហាង (Pahang) ប្រទេសម៉ាឡេស៊ី។ កាលពីខែមុន អ្នកនេសាទ និងអ្នកមុជទឹកនៅក្បែរតំបន់នោះ បានជូនដំណឹងដល់អាជ្ញាធរម៉ាឡេស៊ីភ្លាមៗ បន្ទាប់ពីបានប្រទះឃើញនាវាបរទេសមួយដែលកំពុងមានវត្តមាននៅក្បែរតំបន់កើតហេតុនោះ។
ទីភ្នាក់ងារដែនសមុទ្រខាងលើបានបន្ថែមថា ខ្លួនបានឃាត់កប៉ាល់ដែលបានចុះបញ្ជីនៅទីក្រុងហ្វ៊ូចូវ (Fuzhou) ប្រទេសចិនទុកកាលពីថ្ងៃអាទិត្យដោយចោទពីបទ «បោះយុថ្កាដោយគ្មានលិខិតអនុញ្ញាត» ចេញពីរដ្ឋចូហូរ (Johor) ភាគខាងត្បូងប្រទេសម៉ាឡេស៊ី។ ទីភ្នាក់ងារដដែលបានបញ្ជាក់ថា កប៉ាល់នេះមានសមាជិកនាវិកចំនួន ៣២ នាក់ ក្នុងនោះមានជនជាតិចិនចំនួន ២១ នាក់ ជនជាតិបង់ក្លាដែសចំនួន ១០ នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។
ប្រភពដដែលសង្កត់ធ្ងន់ថា ក្រុមមន្ត្រីជំនាញមកពីនាយកដ្ឋានបេតិកភណ្ឌជាតិ និងស្ថាប័នពាក់ព័ន្ធនឹងធ្វើការរួមគ្នាដើម្បីកំណត់អត្តសញ្ញាណសំបកគ្រាប់កាណុងទាំងអស់នោះ។ លើសពីនេះ កាលពីសប្តាហ៍មុន សារមន្ទីរជាតិនៃកងទ័ពជើងទឹកអង់គ្លេសបានថ្លែងថា ខ្លួនមានការព្រួយបារម្ភចំពោះការបំផ្លិចបំផ្លាញណាមួយដែលអាចកើតមានឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួន។
ទីភ្នាក់ងារដែនសមុទ្រដដែលនេះបានរំលេចថា សម្បកគ្រាប់កាណុងដែលមានច្រែះចាប់ អាចពាក់ព័ន្ធនឹងការរឹបអូសគ្រាប់កាំភ្លើងធំដែលមិនទាន់ផ្ទុះ និងវត្ថុបុរាណផ្សេងទៀត នៅឯកន្លែងគំនរសំណល់អេតចាយឯកជនមួយក្នុងទីក្រុងចូហូរ។ យោងតាមកាសែត The New Straits Times សំបកគ្រាប់កាណុងទាំងអស់នោះត្រូវបានគេសង្ស័យថាមានប្រភពចេញពីនាវាចម្បាំងអង់គ្លេស។
រូបភាព និងវីដេអូដែលបានចេញផ្សាយដោយទីភ្នាក់ងារដែនសមុទ្រម៉ាឡេស៊ី បានបង្ហាញពីកប៉ាល់ដឹកអ្នកដំណើរដែលមានដងស្ទូចដ៏ធំមួយ និងដុំដែកដែលមានច្រែះនៅលើកប៉ាល់នោះទៀតផង។ វាត្រូវបានគេស្គាល់ថាជាដែកថែបដែលមានអាយុកាលមុនសម័យសង្គ្រាម ហើយវាគឺជាបំណែកដែលបន្សល់ទុកពីនាវាចម្បាំងទាំងពីរខាងលើ។ បន្ថែមលើនេះ បំណែកនេះមានតម្លៃណាស់ ដោយគេអាចយកវាទៅប្រើប្រាស់ក្នុងការផលិតឧបករណ៍វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រមួយចំនួនទៀតផង។
គួរដឹងដែរថា វាមិនមែនជាលើកទីមួយនោះទេ ដែលនាវាលិចទឹកទាំងពីរនេះត្រូវបានជនល្មើសកំណត់គោលដៅចង់បាន។ យោងតាមកាសែត The New Straits Times បានរាយការណ៍ថា ជនបរទេសដែលជាក្រុមប្រមាញ់តាមរកកំណប់បុរាណមួយក្រុម ធ្លាប់បានប្រើប្រាស់គ្រឿងផ្ទុះដើម្បីធ្វើការបំផ្ទុះបន្ទះដែកដ៏ធំ និងធ្ងន់ខ្លាំងនៅលើកប៉ាល់មួយកាលពីឆ្នាំ២០១៥ ដើម្បីងាយស្រួលក្នុងការចូលទៅយករបស់មានតម្លៃផ្សេងៗ។
យោងតាមសារព័ត៌មានដទៃទៀតបានឱ្យដឹងថា អាជ្ញាធរបានឃាត់ខ្លួនកប៉ាល់វៀតណាមមួយគ្រឿងដែលពាក់ព័ន្ធនឹងការលួចបំណែកយន្តហោះនាពេលនោះ៕
ប្រែសម្រួល៖ធា សុណា ប្រភព៖https://apnews.com/article/malaysia-british-shipwrecks-china-f50f3af140d7519544a6ab24dc955b0d