ឯកអគ្គរដ្ឋទូតរុស្ស៊ី ៖ រុស្ស៊ី-កម្ពុជា ពង្រីកទំនាក់ទំនងជាដៃគូដែលមានផលប្រយោជន៍ទៅវិញទៅមក ពិសេសទៅលើវិស័យពាណិជ្ជកម្ម
ភ្នំពេញ ៖ ប្រទេសរុស្ស៊ី -កម្ពុជាបានភ្ជាប់ទំនងទំនងជាយូរអង្វែង មានកិច្ចសហប្រតិបត្តិបការជាមួយគ្នាលើវិស័យជាច្រើន ដើម្បីផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក វិស័យពាណិជ្ជកម្ម ការវិនិយោគទុន វិទ្យាសាស្រ្ត បច្ចេកវិទ្យា ការអប់រំ វប្បធម៌ ការពារជាតិ និងសន្តិសុខ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពរបស់អង្គការ និងក្រុមហ៊ុនលើគ្រប់វិស័យទាំងអស់ ។
នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្ដម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ក្នុងសន្និសីទសារព័ត៌មានស្តីពី“ខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងរុស្ស៊ី និងកម្ពុជា ស្ថានភាពជុំវិញប្រទេសអ៊ុយក្រែន ព្រមទាំងប្រធានបទសំខាន់ៗផ្សេងទៀតនៃគោលនយោបាយការបរទេសរុស្ស៊ី”ដែលបានរៀបចំឡើង នៅស្ថានទូតរុស្ស៊ីកាលពីព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣។

ឯកឧត្ដម អាណាតូលី បូរ៉ូវីក បន្តថា៖ចាប់ពីឆ្នាំ១៩៩០ រុស្ស៊ី-កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនជាង ៤០ច្បាប់ ។ ឯកសារទាំងនេះពាក់ព័ន្ធទៅលើវិស័យសេដ្ឋកិច្ច នយោបាយសន្តិសុខ និងរួមទាំងការអនុវត្តច្បាប់ វប្បធម៌ជាដើមដែលបញ្ជាក់ពីទំនាក់ទំនងរវាងរចនាសម្ព័ន្ធនានារវាងប្រទេសទាំងពីរ។
ទាក់ទិនទៅនឹងស្ថានការណ៍ប្រតិបត្តិការ យោធាពិសេស នៅប្រទេស អ៊ុយក្រែនវិញត្រូវបាន ឯកឧត្ដម អាណាតូលី បូរ៉ូវីក ថ្លែងថា ៖ លោកខាងលិចបន្តបង្កើនការផ្គត់ផ្គង់អាវុធដល់ទីក្រុងកៀវ ។ នេះបើតាមសេចក្តីថ្លែងការណ៍អំពីរឿងនេះ ត្រូវបានធ្វើឡើងនៅក្នុងខែឧសភានេះ ដោយទីក្រុងឡុងដ៍ ប៊ែរឡាំង និងព្រុចសែល។ តាមសម្តីរបស់តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Joseph Borrell ក្នុងស្ថានភាពបច្ចុប្បន្ន ប្រទេសអ៊ុយក្រែននឹងឈប់ធ្វើជារដ្ឋឯករាជ្យដោយគ្មានជំនួយពីលោកខាងលិច ហើយដូច្នេះយើងនឹងបន្តជំនួយដល់របប Zelensky ។ សហភាពអឺរ៉ុបបានបែងចែកប្រាក់ចំនួន១៦ពាន់លានអឺរ៉ូ ដល់របបទីក្រុងកៀវ រួចហើយសម្រាប់គោលបំណងយោធា ហើយបានបណ្តុះបណ្តាលទាហានអ៊ុយក្រែនជាង ១៧ពាន់នាក់។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា របប Zelensky គ្រាន់តែជាឧបករណ៍សម្រាប់ពួកគេ រីឯជនជាតិអ៊ុយក្រែនជាកូនអុក។ ពួកគេមើលឃើញការអនុវត្តជាក់ស្តែង និងលទ្ធផលនៃគោលនយោបាយរបស់ពួកគេ ក្នុងការធ្វើឱ្យរុស្ស៊ីទទួលបរាជ័យជាយុទ្ធសាស្ត្រ។ គេផ្ដល់ជូនទីក្រុងកៀវ នូវប្រាក់រាប់ពាន់លានអឺរ៉ូ ដើម្បីគេហៅថាជួយអនុវត្តកំណែទម្រង់ក្នុងស្រុក និងជំនួយអភិវឌ្ឍន៍។ ពេលមានសេចក្តីថ្លែងការណ៍អំពីជំនួយដោយមិនមានសំណងពីទីក្រុងប្រ៊ុចសែល ប្រាក់ភាគច្រើនដែលត្រូវផ្ញើទៅអ៊ុយក្រែន គឺជាឥណទាន។ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ សហភាពអឺរ៉ុបបានផ្ដល់ឱ្យអ៊ុយក្រែន ១៧ពាន់លានអឺរ៉ូ ជាជំនួយឥតសំណងនិងឥណទាន។ គិតត្រឹមខែមីនា ឆ្នាំ២០២៣ សាច់ប្រាក់ ដែលគេបានសន្យាផ្ដល់ជូនអតីតសាធារណរដ្ឋសូវៀត ក្នុងក្របខណ្ឌវិធីសាស្រ្ត ក្រុម អឺរ៉ុប មានចំនួន ៣៧.៨ ពាន់លានអឺរ៉ូ។ ក៏ប៉ុន្តែ ការផ្ដល់ប្រាក់បែបនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការដាក់ឱ្យប្រើប្រាស់នូវស្តង់ដារបច្ចេកទេស និងបទដ្ឋានច្បាប់របស់លោកខាងលិច ដែលប្រហែលជានឹងប៉ះពាល់ដល់វិស័យដែលផ្តល់ផលប្រយោជន៍ដល់សហភាពអឺរ៉ុប តែប៉ុណ្ណោះទេ ។ ដែលនេះនឹងនាំឱ្យប្រទេសអ៊ុយក្រែនបាត់អធិបតេយ្យភាពរបស់ខ្លួន និងទាសភាពផង ៕

អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក ងីម ឆៃហួត