ក្រសួងការងារចេញសេចក្ដីណែនាំទៅលើបណ្ណការងារ និងសៀវភៅការងារជនបរទេសដែលទើបតែដាក់ពាក្យស្នើសុំ

ភ្នំពេញ៖ ក្រសួងាការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៣នេះបានចេញសេចក្តីណែនាំមួយទៅលើបណ្ណការងារ និងសៀវភៅការងារជនបរទេសដែលទើបតែដាក់ពាក្យស្នើសុំ។

ក្រសួងការងារបានបញ្ជាក់ក្នុងសេចក្តីណែនាំរបស់ខ្លួនថា៖ដោយសង្កេតឃើញថា ក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសកន្លងមក នៅមានការបកស្រាយ ផ្សេងៗគ្នារវាងម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ឬជនបរទេស និងមន្ត្រីអធិការកិច្ចហត្ថពលកម្មបរទេស ទៅលើបណ្ណការងារ និងសៀវភៅការងារជនបរទេស ដែលទើបបានដាក់ពាក្យស្នើសុំធ្វើបណ្ណការងារ និងសៀវភៅការងារជនបរទេសនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្ន័យកម្លាំងពលកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (www.fwcms.mlvt.gov.kh) ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សូមធ្វើការណែនាំដូចខាងក្រោម៖

១-នៅពេលចុះអធិការកិច្ចហត្ថពលកម្មបរទេស ហើយត្រួតពិនិត្យឃើញមាន សហគ្រាស គ្រឹះស្ថាន ឬ ជនបរទេស បានដាក់ពាក្យស្នើសុំធ្វើបណ្ណការងារ និងសៀវភៅការងារជនបរទេស នៅក្នុងប្រព័ន្ធ www.fwcms.mlvt.gov.kh ហើយទទួលបានការអនុម័តកំរិតទី១ (កំរិតការិយាល័យជំនាញ) រួចហើយ ចាត់ ទុកថាសហគ្រាស គ្រឹះស្ថាន ឬជនបរទេស បានអនុវត្តត្រឹមត្រូវតាមច្បាប់ស្តីពីការងារ និងមិនទទួលរងការ ពិន័យភ្លាមលើករណីលិខិតអនុញ្ញាតិឲ្យប្រើប្រាស់ហត្ថពលកម្មបរទេស និងករណីបណ្ណការងារ និងសៀវភៅ ការងារជនបរទេស។

២-ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ឬជនបរទេស ត្រូវតែបង្ហាញលទ្ធផលនៃការដាក់ពាក្យស្នើសុំ ក្នុងប្រព័ន្ធ : www.fwcms.mlvt.gov.kh ដូចជា បង្កាន់ដៃបង់ប្រាក់ ឬបណ្ណការងារ និងសៀវភៅការងារជន បរទេសក្នុងរយៈពេល២០(ម្ភៃ)ថ្ងៃ ដល់ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស បន្ទាប់ពីថ្ងៃដែលពិនិត្យឃើញ។

៣-ក្នុងករណីម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ឬជនបរទេស មិនបានបង្ហាញលទ្ធផលតាមការ កំណត់ដូចក្នុងចំណុចទី២ខាងលើ មន្ត្រីអធិការកិច្ចហត្ថពលកម្មបរទេស ត្រូវអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា មន្ត្រីអធិការកិច្ចហត្ថពលកម្មបរទេស និងម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ឬជនបរទេសនឹងអនុវត្តតាមសេចក្ដីណែនាំ ប្រកបដោយប្រសិទ្ធភាព ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner