ឥណ្ឌូនេស៊ី-ម៉ាឡេស៊ីរិះគន់ទណ្ឌប្រឆាំងនឹងវិស័យប្រេងដូងរបស់អឺរ៉ុប

បន្ទាប់ពីបេសកកម្មពាណិជ្ជកម្មរួមគ្នាមួយទៅកាន់សហភាពអឺរ៉ុប (EU) ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបានរិះគន់បទប្បញ្ញត្តិ ស្តីពីការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប (EUDR) ថា ជា “ការរើសអើង និងការដាក់ទណ្ឌកម្មខុសច្បាប់ធម្មជាតិ”។

ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបានរិះគន់បទប្បញ្ញត្តិ ស្តីពីការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប (EUDR) ដោយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រទេសទាំងពីរបានព្រមានថា បទប្បញ្ញត្តិនេះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មអន្តរជាតិ ហើយថែមទាំងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ឧស្សាហកម្មប្រេងដូងឆ្ពោះទៅរករបៀបវារៈឆ្នាំ ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

បើតាមសេចក្តីថ្លែងការណ៍ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបានសម្តែងក្តីសង្ឃឹមរបស់ពួកគេថា សហភាពអឺរ៉ុបនឹងគោរពតាមគោលការណ៍តម្លាភាព និងគ្មានការរើសអើង ហើយស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសក្នុងការជួញដូរប្រេងដូង និងផលិតផលរបស់ប្រទេសទាំងពីរ។

សូមរម្លឹកថា ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហភាពអឺរ៉ុបបានដាក់ចេញនូវច្បាប់គ្រប់គ្រងការនាំចូលប្រេងដូង ដោយកត់សម្គាល់ថា ការដាំដុះដំណាំបែបនេះ នាំឱ្យមានការកាប់បំផ្លាញព្រៃឈើហួសប្រមាណ។

ប្រការនេះបានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់អ្នកផលិតប្រេងដូងកំពូល គឺឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលជាប្រទេសរ៉ាប់រង ៥៦ភាគរយ និង ៣១ភាគរយនៃផលិតកម្មប្រេងដូងពិភពលោក៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner