ប្រធានាធិបតីបារាំងជំរុញឱ្យណាតូធានាសន្តិសុខដល់អ៊ុយក្រែន

ប្រាទីស្លាវ៉ា៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យប្រទេសលោកខាងលិច ផ្តល់ការធានាសន្តិសុខជាក់ស្តែង និងគួរឱ្យទុកចិត្តដល់អ៊ុយក្រែន ខណៈដែលអ៊ុយក្រែនកំពុងប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។

ដោយសង្កត់ធ្ងន់ថា ថ្ងៃនេះអ៊ុយក្រែនកំពុងការពារអឺរ៉ុប ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយនៅក្នុងទីក្រុងប្រាទីស្លាវ៉ាថា ការប្រយុទ្ធនេះ បានស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រទេសលោកខាងលិច ដូច្នេះអ៊ុយក្រែនគួរតែមានការធានាសន្តិសុខពីអង្គការណាតូ។

លោក ម៉ាក្រុង បន្ថែមថា នោះហើយជាមូលហេតុដែលខ្ញុំពេញចិត្ត ហើយការការពារអ៊ុយក្រែននឹងក្លាយជាប្រធានបទ នៃកិច្ចពិភាក្សារួមគ្នាក្នុងសប្តាហ៍បន្ទាប់ ដើម្បីផ្តល់នូវការធានាសុវត្ថិភាពជាក់ស្តែង និងគួរឱ្យទុកចិត្តដល់អ៊ុយក្រែន។

លោក ម៉ាក្រុង បន្ថែមថា សមាជិកណាតូផ្សេងៗអាចផ្តល់ការធានាទាំងនេះសម្រាប់ពេលនេះ ខណៈដែលអ៊ុយក្រែនកំពុងរង់ចាំការចូលរួមក្នុងសម្ព័ន្ធភាព។ លោកថា យើងត្រូវជួយអ៊ុយក្រែននៅថ្ងៃនេះ ជាមួយនឹងគ្រប់មធ្យោបាយ ដើម្បីអនុវត្តការវាយលុកប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កំពុងបំពេញទស្សនកិច្ចនៅប្រទេសស្លូវ៉ាគី ជាទីដែលលោកបានថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំដោយស្ថាប័នកិច្ចការនយោបាយអន្តរជាតិ Globsec។

ព្រឹត្តិការណ៍នេះផ្តោតសំខាន់លើបញ្ហាសន្តិសុខក្នុងតំបន់ ដែលគ្រោងនឹងលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅរដ្ឋធានីវីលនីញូស ប្រទេសលីទុយអានី ពីថ្ងៃទី១១ ដល់១២ ខែកក្កដា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner