លោក ប្រាយុទ្ធ ព្រមានថា ទាហាន ប៉ូលិស និងប្រជាជនថៃ ប្រឆាំងការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ

បាងកក៖ នាយករដ្ឋមន្ត្រីផុតអាណត្តិថៃ លោក ប្រាយុទ្ធ ចាន់អូចា បានព្រមានគណបក្សចលនាឆ្ពោះទៅមុខ (MFP) ប្រឆាំងនឹងការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ។

ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិនៅក្រសួងការពារជាតិ នាយករដ្ឋមន្ត្រីផុតអាណត្តិថៃ លោក ប្រាយុទ្ធ ចាន់អូចា ប្រាប់អ្នកសារព័ត៌មានថា ទាហាន ប៉ូលិស និងប្រជាជនថៃជាច្រើននាក់ទៀត មិនយល់ស្របនឹងផែនការរបស់គណបក្សឆ្ពោះទៅមុខ (MFP) ក្នុងការកែប្រែមាត្រា១១២នោះទេ។

គណបក្សចលនាឆ្ពោះទៅមុខ (MFP) បានសន្យាក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថា ខ្លួននឹងធ្វើវិសោធនកម្មមាត្រា១១២ ដើម្បីកុំឲ្យច្បាប់នេះ ត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយតទៅទៀត។

ប៉ុន្តែបន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខ (MFP) បានឈ្នះការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា ខ្លួនបានទុកការកែប្រែមាត្រា១១២នេះ នៅក្រៅអនុស្សរណៈនៃការយោគយល់គ្នា ដែលខ្លួនបានចុះហត្ថលេខាជាមួយគណបក្សចំនួន៧ផ្សេងទៀត ដែលជាផ្នែកនៃក្រុមចម្រុះរបស់ខ្លួន។

អនុស្សរណៈនៃការយោគយល់គ្នានោះ បានបញ្ជាក់ថា គណបក្សចលនាឆ្ពោះទៅមុខ (MFP) នឹងស្វែងរកការកែប្រែមាត្រា១១២ដោយខ្លួនឯង។ បន្ថែមលើនេះ គណបក្សចលនាឆ្ពោះទៅមុខ (MFP) ក៏ប្តេជ្ញាកាត់បន្ថយទំហំយោធា និងបញ្ចប់ការរើសទាហានផងដែរ៕ ប្រភព៖ The Nation ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner