ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងប្តេជ្ញាបាញ់បង្ហោះផ្កាយរណបចារកម្មបន្ថែមទៀត

ព្យុងយ៉ាង៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូជុង បាននិយាយថា ផ្កាយរណបស៊ើបការណ៍យោធារបស់ប្រទេសកូរ៉េខាងជើង នឹងត្រូវបញ្ជូនទៅកាន់គន្លងតារាវិថីឆាប់ៗខាងមុខនេះ ហើយបានសន្យាដែរថា កូរ៉េខាងជើងនឹងបង្កើនការបាញ់បង្ហោះផ្កាយរណបយោធា។

អ្នកនាង គីម យ៉ូជុង ដែលជាប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយយ៉ាងដូច្នេះថា យើងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើសកម្មភាពទាំងឡាយណា ដើម្បីការពារសិទ្ធិអធិបតេយ្យ និងផលប្រយោជន៍ជាតិ។

ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ដែលអះអាងថា ការបាញ់បង្ហោះនេះ មានជាប់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលត្រូវបានហាមឃាតដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ប៉ុន្តែជាការឆ្លើយតប អ្នកនាង គីម យ៉ូជុង បានចាត់ទុកថា គឺជាការថ្កោលទោសលើខ្លួនពួកគេដែរ ពីព្រោះសហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត សុទ្ធតែធ្លាប់បានបាញ់បង្ហោះផ្កាយរណបរាប់ពាន់គ្រឿង។

ការអត្ថាធិប្បាយខាងលើរបស់អ្នកនាង គីម យ៉ូជុង ត្រូវបានដកស្រង់ចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះ និងបន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុតរបស់កូរ៉េខាងជើងទទួលបរាជ័យ ដោយធ្លាក់ចូលទឹកសមុទ្រកាលពីថ្ងៃទី៣១ ខែឧសភា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner