ស្ថាប័នពាក់ព័ន្ធ៖ វេទិកាទស្សនកិច្ចការងារ គឺជាឱកាសមាសសម្រាប់យុវជនកម្ពុជា និងអ្នកស្វែងរកការងារ
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងស្ថាប័នពាក់ព័ន្ធ បានចាត់ទុកថា ការរៀបចំ«វេទិកាទស្សនកិច្ចការងារ» គឺជាឱកាសមាសសម្រាប់យុវជនកម្ពុជា ព្រោះបានផ្តល់ឱកាសការងារ និងកម្មសិក្សាការងារដល់យុវជនសិស្ស/និស្សិត និងអ្នកដែលកំពុងស្វែងរកការងារ។
ការលើកឡើងស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុង វេទិកាទស្សនកិច្ចការងារស្តីពី៖«ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact និងមានការគាំទ្រពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីបើកវេទិកាខាងលើ លោកស្រី ឌី ចង្កុលណី អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការរៀបចំវេទិកាទស្សនកិច្ចការងារ គឺធ្វើឡើងក្នុងគោលបំណងនាំយកឱកាសការងារ កម្មសិក្សាការងាររាប់ម៉ឺនកន្លែង និងព័ត៌មានវគ្គបណ្តុះបណ្តាលជំនាញដល់អ្នកស្វែងរកការងារ យុវជន សិស្ស-និស្សិត និងសាធារណជន ព្រមទាំងផ្តល់ឱកាសដល់និយោជកដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មបានជួបសម្ភាសជាមួយអ្នកស្វែងរកការងារ។ លោកស្រីបន្តថា៖«វេទិកាទស្សនកិច្ចការងារ គឺជាផ្នែកមួយនៃយន្តការផ្ដល់សេវាការងារ និងព័ត៌មានទីផ្សារការងាររបស់រាជរដ្ឋាភិបាល ដែលផ្ដល់ដោយទី (NEA) ខណៈ NEA បានរៀបចំវេទិកាការងារ កិច្ចសម្ភាសការងារ និងពិព័រណ៌ការងារ ជាប្រចាំនៅតាមមជ្ឈមណ្ឌលការងារទាំង១៤ រាជធានី-ខេត្ត ដើម្បីផ្តល់ឱកាសការងារ និងកម្មសិក្សាការងារដល់យុវជន សិស្ស និងអ្នកស្វែងរកការងារ»។
លោកស្រីបានបញ្ជាក់ទៀតថា ដើម្បីជំរុញឱ្យវេទិកាការងារនេះ កាន់តែមានភាពប្រទាក់ក្រឡា និងរៀបចំជាបណ្ដុំតំបន់ គឺ NEA បានរៀបចំឱ្យមានវេទិកាទស្សនកិច្ចការងារក្នុងខេត្តចំនួន៤ ដែលក្នុងនោះ រួមមាន ខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងកំពង់ចាម។ ជាមួយគ្នានេះ NEA ក៏គ្រោងនឹងរៀបចំវេទិកាទស្សនកិច្ចការងាររបៀបនេះ បន្តទៀតដោយរៀបជាបណ្ដុំតំបន់ៗដោយចាប់ពី ៤ ទៅ ៥ ខេត្តថែមទៀត នាពេលខាងមុខនេះ។
ពាក់ព័ន្ធនឹងវេទិកានេះដែរ លោក យី សុងគី អនុប្រធានប្រចាំការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ក៏បានលើកឡើងថា “វេទិកាទស្សនកិច្ចការងារ» នេះជាឱកាសមាស និងជាពេលវេលល្អ សម្រាប់ យុវជន សិស្ស-និស្សិត និង អ្នកស្វែងរកការងារនៅក្នុងខេត្តគោលដៅទាំង ៤ ពិសេសយុវជននៅក្នុងខេត្តបាត់ដំបង ដើម្បីទទួលបានឱកាសការងារ កម្មសិក្សាការងាររាប់ម៉ឺនកន្លែង និងព័ត៌មានអំពីវគ្គបណ្តុះបណ្តាលជំនាញ។

លោកបន្តថា៖« យុវជន សិស្ស-និស្សិត និង អ្នកស្វែងរកការងារដែលចូលរួមវេទិកានេះ ពួកគាត់ក៏អាចចូលរួមក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធពីសំណាក់វាគ្មិនជំនាញ អំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ សម្រាប់ការបង្កើនឱកាសទទួលបានការងារធ្វើកាន់តែប្រសើរ»។
បន្ថែមពីនេះលោក ជំរុញឱ្យយុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការងារក្នុងខេត្តគោលដៅទាំង ៤ ត្រៀម ប្រវត្តិរូប ដើម្បីចូលរួមដាក់ពាក្យស្វែងរកការងារជាមួយក្រុមហ៊ុន សហគ្រាស ដែលខ្លួនពេញចិត្ត។
ចំណែកឯ កញ្ញា មុន្នី វាចាសា អ្នកគ្រប់គ្រង់ កិត្តិនាមនិយោគជន នៃធនាគារ ABA ដែលជាក្រុមហ៊ុនមួយចូលរួមជ្រើសរើសបុគ្គលិកនៅក្នុងវេទិកាទស្សនកិច្ចការងារនេះ បានឱ្យដឹងថា បច្ចុប្បន្នធនាគារ ABA កំពុងត្រូវការបេក្ខជនក្រុមមុខតំណែងទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត សរុបជាង១០០០កន្លែង។
កញ្ញាថា ចំពោះលក្ខខណ្ឌពីធនាគារ គឺយើងត្រូវការបេក្ខជនដែលកំពុងសិក្សា ឬបានបញ្ចប់ការសិក្សារួច ហេតុនេះបេក្ខជនដែលស្រឡាញ់ចូលចិត្តវិស័យធនាគារ អាចមកចូលវេទិកាទស្សនកិច្ចការងារនេះផ្ទាល់ ឬក៏ទាក់ទងមកបណ្តាញសង្គមរបស់ធនាគារ ABA ដែលមានឈ្មោះថា Social Career ។
សូមជម្រាបថា ការរៀបចំវេទិកាទស្សនកិច្ចការងារស្តីពី «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» នៅខេត្តគោលដៅចំនួន ៤ នោះរួមមាន ខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងកំពង់ចាម ចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៣។
ទស្សនកិច្ចការងារនេះដែរ គឺជាការនាំយកឱកាសការងារក្នុងវិស័យធំៗដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម សរុបប្រមាណ ១៥.០០០ កន្លែងពីក្រុមហ៊ុនធំៗជាច្រើន ដើម្បីផ្តល់ជូនយុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារ។ បន្ទាប់ពីរៀបចំនៅខេត្តបាត់ដំបងរួចមក កម្មវិធី “វេទិកាទស្សនកិច្ចការងារ”នេះ នឹងត្រូវរៀបចំបន្តទៀតក្នុងខេត្តសៀមរាប ថ្ងៃទី០២ ខែមិថុនា នៅសាកលវិទ្យាល័យបៀលប្រាយ។ ចំណែកឯ ខេត្តកំពង់ធំ នឹងត្រូវរៀបចំនៅថ្ងៃទី០៤ ខែមិថុនា នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងចុងក្រោយនៅខេត្តកំពង់ចាម ថ្ងៃទី០៦ ខែមិថុនា នៅអគារសហភាពសហព័ន្ធយុវជនកម្ពុជា៕ ដោយ៖ បូរ ពេជ្រហ្សាលីន