វ៉ាន វ៉ុន ៖ ជោគជ័យក្នុងអាជីពកីឡាបានជួយឲ្យខ្ញុំមានមុខមាត់ នៅក្នុងសង្គម និងបានកែប្រែផ្នត់គំនិតអ្នកភូមិដែលធ្លាប់តែរើសអើងខ្ញុំ បែមកអបអរសាទរ
ភ្នំពេញ៖ ប្រជាជនទូទាំងប្រទេសកម្ពុជាពិតជាបានស្គាល់យ៉ាងច្បាស់ កីឡាករ វ៉ាន វ៉ុន ដែលលេងកីឡាអត្តពលកម្មផ្នែកប្រណាំងរទះជនមានពិការភាព ដែលមាន សមត្ថភាពលេចធ្លោជាងគេនៅកម្ពុជា បាននាំយកមេដាយមាស ប្រាក់ និងសំរិទ្ធ សរុបជាង ១០គ្រឿង ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេមមកជូនកម្ពុជា ក្នុងរយៈជាង ១០ឆ្នាំកន្លងទៅនេះ។អ្វីដែលកាន់តែអស្ចារ្យក្នុងអាជីពជាកីឡាករជនមានពិការភាព កីឡាកររទះរូបនេះ បានធ្វើឲ្យពិភពលោក បានស្គាល់ពីសកក្តានុពលកីឡាជនពិការភាពរបស់កម្ពុជា តាមរយៈការប្រើប្រាស់សមត្ថភាពប្រកួតប្រណាំងរទះឡើងដល់វគ្គផ្តាច់ព្រ័ត្រជាប់ចំណាត់លេខ៧ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកពិភពលោក នៅប្រទេសជប៉ុន។

កីឡាករ អត្តពលកម្មប្រណាំងរទះ វ៉ាន វ៉ុន បានចូលហ្វឹកហាត់ និងប្រឡូកក្នុងវិស័យកីឡា តាមរយៈការជំរុញពីអង្គការមួយ ក្នុងឆ្នាំ២០០៦ ក្នុងអំឡុងពេលនោះ វ៉ាន វ៉ុន មិនបានចាប់យកអាជីពជាកីឡាករពេញលេញនោះទេ ពោលជាកីឡាករ និងប្រកបរបរជាជាងជុសជុលម៉ាញ៉េវិទ្យុនិងទូរទស្សន៍។ ដោយសារតែទេព កោសល្យបូករួមនិងសមត្ថភាពប្រកួតជាប់ចំណាត់ថ្នាក់លេខមួយក្នុងព្រឹត្តិការណ៍ប្រកួតនៅក្នុងស្រុកជាបន្តបន្ទាប់ វ៉ាន វ៉ុន ត្រូវបានគណៈកម្មការប៉ារ៉ាឡាំពិកកម្ពុជាជ្រើសរើសឲ្យហ្វឹកហាត់ត្រៀមអាស៊ានប៉ារ៉ាហ្គេមនៅក្នុងឆ្នាំ២០០៩ ហើយបានតំណាងឲ្យកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានប៉ាហ្គេមនៅទីក្រុងសូឡូ ប្រទេសឥណ្តូនេស៊ី ក្នុងឆ្នាំ២០១១ ដណ្តើមបានមេដាយចំនួន២គ្រឿង គឺមេដាយប្រាក់លើវិញ្ញសាប្រណាំងចម្ងាច១០០ម៉ែត្រនិង២០០ម៉ែត្រ។

តាមរយៈការទទួលបានជោគជ័យនូវជ័យលាភីជាបន្តបន្ទាប់ក្នុងព្រឹត្តិការណ៍កីឡាជនមានពិការភាពដ៏ធំសម្រាប់អាស៊ានរៀបចំឡើងរៀងរាល់២ឆ្នាំម្តងនេះ វ៉ាន វ៉ុន ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តជាច្រើនពីរាជរដ្ឋាភិបាល និងពីស្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ា នី ហ៊ុន សែន បានជួយឲ្យជីវភាពរបស់គេបានធូធា និងមានមុខមាត់នៅក្នុងសង្គម ពិសេស ពិការភាពដែលធ្លាប់តែអ្នកផងមានការរើសអើងនោះ បែមកជាជួយគាំទ្រអបអរសាទនិងលើកទឹកចិត្តពោពេញដោយក្តីស្រលាញ់រាបអាន។

សម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ព្រឹត្តិការណ៍កីឡាប្រវត្តិសាស្រ្តរៀបចំលើកទី១ នៅកម្ពុជា វ៉ាន វ៉ុន កីឡាករជនមានពិការភាពឆ្នើមរបស់កម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ ខិតខំឲ្យអស់ពីលទ្ធភាព ដណ្តើមមេដាយជូនកម្ពុជា ជាតបស្នង ដល់រាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន និងប្រជាពលរដ្ឋ ដែលទំនុកបំរ៉ុងឧបត្ថម្ភ គាំទ្រ លើទឹកិត្ត ដល់កីឡាករកីឡាការិនីជនមានពិការភាពរបស់កម្ពុជា។

កីឡាករ វ៉ាន វ៉ុន បានក្លាយជាជនពិការភាពក្នុងអាយុ៣ទៅ៤ឆ្នាំ ដោយសារតែជំងឺគ្រុនស្វិតដៃជើង ហើយ ក្នុងជីវិតជាជនពិការភាពនេះ គាត់បានតស៊ូរៀនសូត្រត្រឹមថ្នាក់អនុវិទ្យាល័យ ក៏បញ្ចប់ ហើយក៏ងាកទៅរៀនជំនាញជាងម៉ាញ៉េនិងទូរស្សន៍វិញ។ ដោយសារតែការសិក្សាជំនាញនេះហើយ វ៉ាន វ៉ុន ក៏ទទួលបានឱកាសប្រកួតប្រជែងកីឡាផ្នែកប្រណាំងរទះ ក្នុងឆ្នាំ២០០៦ និងបានវិវឌ្ឍក្លាយជាកីឡាករអត្តពលកម្មដល់បច្ចុប្បន្ន។
ក្នុងអាជីពជាកីឡាករប្រណាំងរទះនេះ វ៉ាន វ៉ុន ដណ្តើមបានមេដាយពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម សរុបជាង ១០គ្រឿង មានមេដាយមាស ប្រាក់ និងសំរិទ្ធ។ ជាក់ស្តែងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ក្នុងឆ្នាំ២០២២ នៅប្រទេសឥណ្តូនេស៊ី វ៉ាន វ៉ុន ដណ្តើមបានមេដាយជូនកម្ពុជា៣គ្រឿងក្នុងនោះមេដាយមាស១គ្រឿង និងប្រាក់២គ្រឿង៕

បទយកការណ៍៖ ផលិត ដោយ ជាវ ចន្ធូ