ជប៉ុន និងកូរ៉េខាងត្បូងយល់ព្រមពន្លឿនកិច្ចពិភាក្សាលើបញ្ហាទ្វេភាគីដែលមិនទាន់សម្រេច

សាំងហ្គាពួរ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ហាម៉ាដា យ៉ាស៊ូកាហ៊្សូ និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក លី ជុងស៊ូប បានព្រមព្រៀងគ្នា ក្នុងការពន្លឿនកិច្ចពិភាក្សាលើបញ្ហាទ្វេភាគីដែលមិនទាន់សម្រេច។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ហាម៉ាដា យ៉ាស៊ូកាហ៊្សូ នៅថ្ងៃទី០៤ ខែឧសភា បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup នៅប្រទេសសិង្ហបុរី។ នេះជាជំនួបលើកដំបូងរវាងប្រមុខការពារជាតិប្រទេសទាំងពីរ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩។

នាឱកាសនោះ លោក ហាម៉ាដា និងលោក លី បានបញ្ជាក់ពីភាពចាំបាច់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរការពារជាតិរបស់ប្រទេសទាំងពីរ និងបានយល់ព្រមបង្កើនល្បឿនកិច្ចពិភាក្សាកម្រិតការងារ ទៅលើបញ្ហាដែលមិនទាន់សម្រេច រួមទាំងវិធានការទប់ស្កាត់ការប៉ះទង្គិចគ្នាដោយចៃដន្យ។

ប្រមុខការពារជាតិទាំងពីរបានរិះគន់យ៉ាងខ្លាំងទៅលើប្រទេសកូរ៉េខាងជើង ចំពោះការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោងនៅក្នុងការប៉ុនប៉ងនាពេលថ្មីៗនេះ ដើម្បីបាញ់បង្ហោះនូវអ្វីដែលខ្លួនហៅថាផ្កាយរណបឈ្លបយកការណ៍យោធា ដោយនិយាយថា ទង្វើបែបនេះបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោកទាំងពីរបានបញ្ជាក់ពីសារៈសំខាន់ នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រជាជាតិទាំងពីរ ក៏ដូចជាជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner