សម្តេចប្រធានរដ្ឋសភាប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ចំនួន ១២៤៩នាក់

ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញ ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ១២៤៩នាក់ ស្រី ៧៣៧នាក់។

សម្តេច បានមានប្រសាសន៍ថា ធនធានមនុស្ស គឺជាកត្តាសំខាន់ និងមិនអាចខ្វះបានសម្រាប់កសាង និងអភិវឌ្ឍសង្គមជាតិ។ ប្រទេសនីមួយៗអាចរីកចម្រីនជឿនលឿនទៅបានគឺអាស្រ័យដោយមានធនធានមនុស្សប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និង សីលធម៌ល្អ ដែលចេះគិតគូរដោះស្រាយរាល់បញ្ហាប្រកបដោយភាពឆ្លាតវៃ និងអាចដឹកនាំប្រកប ដោយភាពប៉ិនប្រសប់។

សម្តេចប្រធានរដ្ឋសភា បានបន្តថា កម្ពុជាពេលនេះកំពុងមានសុខសន្តិភាព មានភាពសុខដុមរមនា គ្មានជម្លោះជាអំពើហិង្សា និងសង្គ្រាម។ ក្រោមម្លប់សន្តិភាព ក្នុងរយៈពេលជាងពីរទសវត្សមកនេះ យុវជន យើងពិតជាមានឱកាសច្រើនណាស់បើប្រៀបធៀបរវាងយុវជនសម័យសង្គ្រាម និងយុវជនសម័យសន្តិភាព គឺខុសគ្នាស្រលះ សឹងតែមិនអាចប្រៀបធៀបបានឡើយ។ យុវជនសម័យសង្គ្រាម មិនត្រឹមតែបាត់បង់ឱកាសល្អៗគ្រប់យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែត្រូវបាត់បង់ទាំងជីវិត ឬត្រូវរបួសពិការទៀតផង។ ដោយឡែក យុវជនសម័យសន្តិភាព គឺពិតជាទទួលបានពីសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការអប់រំ រៀនសូត្រ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញ ដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ក្នុងឱកាសនេះសម្តេចប្រធានរដ្ឋសភាបានឧបត្ថម្ភដល់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំនូវ ថវិកាចំនួន ១០លានរៀល បុគ្គលិកសិក្សា សាស្ត្រាចារ្យចំនួន ១០២នាក់ ម្នាក់ៗ ១០ម៉ឺនរៀល និងនិស្សិត ជ័យលាភីចំនួន ១២៤៩នាក់ ម្នាក់ៗ ៥ម៉ឺនរៀលផងដែរ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner