សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីបញ្ចុះសព ឧកញ៉ាមហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី
ខេត្តកំពង់ចាម ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបញ្ចុះសព ឧកញ៉ាមហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី នៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នារសៀលថ្ងៃ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។
ឧកញ៉ា មហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី (ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល) ប្រសូតនៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ ឯកស័ក ព.ស.២៤៧៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ១៩២៩ នៅភូមិរអាង ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ១៣ កើត ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងពិធីនោះផងដែរ ក៏មានការនិមន្ត និងយាង ចូលរួមពីសំណាក់ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង, សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា, សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹម សន, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី, លោកជំទាវ ហ៊ុន សេងនី, ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត, ឯកឧត្តម អ៊ុន ចាន់ដា រួមជាមួយនឹងញ្ញាតិមិតជិតឆ្ងាយនៃសពបានចូលរួមយ៉ាងច្រើនកុះករ ។
សម្តេចកិត្តិសង្គហបណ្ឌិត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧកញ៉ាមហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី សូមឆាប់បានចាប់កំណើត ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ថេត វិចិត្រ