អ្នកជំនាញ៖ កម្ពុជា ជាប្រទេសដែលមានសក្តានុពលផ្នែកថាមពលកកើតឡើងវិញ

ភ្នំពេញ៖ មុនរងឥទ្ធិពលជំងឺរាតត្បាតជាសាកលកូវីដ១៩ កម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជា​មធ្យមប្រចាំឆ្នាំក្នុងរវង្វង់៧ភាគរយ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៩។ សេដ្ឋកិច្ចរបស់កម្ពុជា​ត្រូវ​គេ​មើលឃើញ​ថា​នៅ​តែខ្លាំង។​ ជាក់ស្តែង ធនាគារពិភពលោក បានរក្សាការព្យាករសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជាក្នុងអត្រា ៥,២ភាគរយ ក្នុងឆ្នាំ២០២៣។

តម្រូវការថាមពលរបស់កម្ពុជាកើនឡើង

នៅពេលដែលសេដ្ឋកិច្ចកម្ពុជារីកចម្រើន តម្រូវការផ្នែកថាមពលរបស់កម្ពុជាក៏កើនឡើងដែរ។ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ បរិមាណថាមពលប្រើប្រាស់សរុបនៅកម្ពុជាបានកើនឡើងចំនួន ៦៣ភាគរយ។ ទន្ទឹមនេះ ការប្រើប្រាស់ថាម​ពល​អគ្គិសនីក៏បានកើនឡើងគួរឱ្យកត់សម្គាល់គឺប្រមាណ៣៥៣ភាគរយ ។ ថាមពលពីជីវម៉ាសមានចំនួនធំជាងគេប្រមា​ណ ៤៧ភាគរយ នៃការប្រើប្រាស់ថាមពលសរុបនៅកម្ពុជាក្នុងឆ្នាំ ២០១៩ បន្ទាប់មកគឺ ថាមពលឥន្ធនៈផូស៊ីលមានទំហំ៤១ភាគរយនិងថាមពលអគ្គិសនីមាន១៣ភាគរយ។​នេះបើ យោងតាមរបាយការណ៍នៅ​ក្នុងគោល​នបាយជាតិស្តី​អំពីប្រសិ​ទ្ធភា​ពថាមពលឆ្នាំ ២០២២-២០៣០។

ជាមួយនឹងកំណើននៃតម្រូវការផ្នែកថាមពល ជាពិសេសថាមពលអគ្គីសនី កម្ពុជាបានពង្រីកការផ្គត់ផ្គង់ពីត្រឹម ៦,៦ភាគរយនៅឆ្នាំ២០០០ រហូតដល់ ៩៧,៥ភាគរយនៅចុងឆ្នាំ២០២១ ក្នុងនោះរដ្ឋាភិបាលក៏បានដាក់ចេញនូវការបង្កើនការប្រើប្រាស់ថាមពលអគ្គីសនីចេញពីថាមពលស្អាតផងដែរ។ ក្នុងពេលបច្ចុប្បន្ន កម្ពុជាបាននិងកំពុងប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ឬថាមពលស្អាតប្រមាណ ៦២ភាគរយ។

ក្នុងប្រទេសកម្ពុជា ប្រភពថាមពលកកើតឡើងវិញសំខាន់ៗរួមមានប្រភពទំនប់វារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ ខ្យល់ ថាមពលជីវម៉ាស និងថាមពលដើរដោយឧស្ម័ន ក្នុងនោះ កម្ពុជាពឹងផ្អែកលើទំនប់វារីអគ្គីសនីច្រើនជាងគេ។ នេះបើផ្អែកតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជា មានសក្តានុពលផ្នែកថាមពលកកើតឡើងវិញ

លោក ណត្តារុណ ង៉ោ សឺន (Natharoun Ngo Son) នាយកប្រចាំប្រទេសនៃអង្គការផ្នែកថាមពល EnergyLab Cambodia បានលើកឡើងថា កម្ពុជា គឺជាប្រទេសមួយក្នុងតំបន់អាស៊ានដែលមានសក្តានុពលផ្នែកថាមពលកកើតឡើងវិញជាពិសេសរដ្ឋាភិបា​លកម្ពុជាក៏មានចក្ខុវិស័យចង់បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញនេះដែរ។ លោកបន្តថា ការប្រើប្រាស់ថាមពលកកើតឡើងវិញផ្តល់​ផលចំណេញជាងប្រភពថាមពលផ្សេងៗទៀត ដោយសារវាមានតម្លៃថោកជាង ការទាញយកមកប្រើ​ប្រាស់ប្រើរយៈពេលតិចជាង ចំណាយតិចជាង តួយ៉ាងថាមពលចេញពីផ្ទាំងសូឡាជាដើម។

អ្នកជំនាញរូបនេះបញ្ជាក់ថា ផ្អែកតាមការស្រាវជ្រាវ ថាមពលពីផ្ទាំងសូឡាដែលបានពីប្រភពពន្លឺព្រះអាទិត្យ ឬផ្ទាំងសូឡា មានអនុភាព ៤៥ជីហ្កាវ៉ាត់ ខណៈសព្វថ្ងៃកម្ពុជាបានទាញយកមកប្រើប្រាស់ត្រឹម ៥០០មេហ្កាវ៉ាត់។ ចំណែកថាមពលខ្យល់វិញ មានទំហំប្រមាណ ៧ជីហ្កាវ៉ាត់ ខណៈសព្វថ្ងៃកម្ពុជាមិនទាន់ទាញយកថាមពលប្រភេទនេះមកប្រើប្រាស់ឡើយ។

លោកណត្តារុណ ង៉ោ សឺន លើកឡើងទៀតថា ទោះបីលោកមើលឃើញពីសក្តានុពលថាមពលកកើតឡើងវិញនេះក្តី តែដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ កម្ពុជាត្រូវការស្ថិរភាពថាមពលដើម្បីផ្គត់ផ្គង់តម្រូវការប្រជាជន និងដំណើរសេដ្ឋកិច្ចប្រចាំថ្ងៃជាមុនសិន។ លោកថា កម្ពុជាគួរនៅបន្តប្រើប្រាស់ថាមពលចេញពីប្រភពជាប្រពៃណីដូចជាឥន្ធនៈផូស៊ីល ជីវម៉ាស ជាពិសេសធ្យូងថ្ម និងទំនប់វារីអគ្គីសនីសិន បន្ទាប់មកសឹមចាប់ផ្តើមទាញយកថាមពលកកើ​តឡើងវិញ។

ដើម្បីអាចសម្រេចគោលដៅបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញនេះបាន លោក ណត្តារុណ ង៉ោ សឺន ថាកម្ពុជាត្រូវការអ្នកជំនាញនិងធនធានបច្ចេកទេសដែលយល់ច្បាស់និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទាញយកថា​មពលកកើតឡើងវិញនេះ ព្រោះថានាពេលបច្ចុប្បន្ននៅមានភាពខ្វះខាត និងស្ថិតនៅក្នុងដំណាក់កាលស្រាវជ្រាវនៅឡើយ​​។ រដ្ឋាភិបាលកម្ពុជាក៏ត្រូវការទិន្នន័យ និងផែនទីបង្ហាញផ្លូវច្បាស់លាស់មួយផងដែរ ដើម្បីធានានិរន្តរភាពថាមពល។

ចក្ខុវិស័យការប្រើប្រាស់ថាមពលកកើតឡើងវិញនេះ សព្វថ្ងៃ លោក ណត្តារុណ ង៉ោ សឺន មើលឃើញពីស្ថានភាពកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងដៃគូពាក់ព័ន្ធលើវិស័យថាមពល និងកិច្ចគាំពារបរិស្ថាននៅកម្ពុជា ទាំងស្ថាប័នជាតិនិងអន្តរជាតិ ជាពិសេសស្ថាប័នអង្គការសហប្រជាជាតិ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលកម្ពុជាដែលនាំមុខដោយក្រសួងរ៉ែ និងថាមពល ជាមួយក្រសួងបរិស្ថាន។

ជាទស្សនៈផ្ទាល់ខ្លួនលោក ណត្តារុណ ង៉ោ សឺន លើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនការទាញយកប្រភពថា​មព​លពីប្រភពពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ហើយព្យាយាមកាត់បន្ថយការប្រើប្រាស់ថាមពលពីធ្យូងថ្ម ជាបណ្តើរៗតាមតែអាចធ្វើទៅបាន។ បច្ចុប្បន្ន កម្ពុជាកំពុងផ្តោតលើការដំឡើងផ្ទាំងសូឡា ប៉ុន្តែនៅកម្រិតទាបនៅឡើយ។ ចំណែកថាមពលខ្យល់វិញ រដ្ឋាភិបាលមិនទាន់គិតគូរនៅឡើយ។

ស្រដៀងគ្នានេះ លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) និងជាអ្នកអភិរក្សបរិស្ថាន ក៏មើលឃើញពីសក្តានុពលនៃការទាញយកថាមពលអគ្គិសនីមកប្រើប្រាស់ពីប្រ ភពថាមពលកកើតឡើងវិញផងដែរ ដែលលោកយល់ថា អាចធ្វើឱ្យកម្ពុជាមានឯករាជ្យលើផ្នែកថាមពលផង និងជួយដល់ផ្នែកបរិស្ថានផង។

មិនខុសពីលោក ណត្តារុណ ង៉ោ សឺន ឡើយ លោក គឹមហុង​ ចង់ឃើញរដ្ឋាភិបាលកម្ពុជាពិចារណាទាញយកប្រភពថាមពលពីពន្លឺព្រះអាទិត្យ និងខ្យល់ ព្រោះអាកាសធាតុក្តៅនៅកម្ពុជាមានភាពអំណោយផលដល់ការដំឡើងផ្ទាំងសូឡា។ ជាក់ស្តែង នៅភាគឦសានជាដើមគឺជាតំបន់ដែលមានអានុភាពខ្យល់ខ្លាំងនិងទៀងទាត់ និងដែលអាចធានានូវការដំឡើងបង្គោលកង្ហារទាញយកថាមពលអគ្គិសនី។

លោកបានស្នើឱ្យរដ្ឋាភិបាលស្វះស្វែងរកទុនវិនិយោគ និងធនធានបច្ចេកទេសដើម្បីដំឡើងរោងចក្រផ្ទាំងសូឡា និងដំឡើងបង្គោលកង្ហារជាដើមតាមតែអាចធ្វើទៅបានដោយលោកសង្កត់ធ្ងន់ថា​ទាំងនេះ​គឺជាប្រភពថាមពលដែលសាកលលោកកំពុងដាក់គោលដៅឆ្ពោះទៅមុខដូចគ្នាផងដែរ។

ជាទស្សនៈផ្ទាល់ខ្លួន លោកចង់ឃើញរដ្ឋាភិបាលចៀសវាងការទាញយកថាមពលអគ្គិសនីពីប្រភពវារីអគ្គិសនី និងធ្យូ​ងថ្ម តាមតែអាចធ្វើបាន ខណៈរដ្ឋាភិបាលបានរាប់បញ្ចូលប្រភពពីទំនប់វារីអគ្គសនីទៅក្នុងទិន្នន័យប្រភពថាមពលកកើតឡើងវិញទាំង ៦២ភាគរយ ​។ ​បន្ថែមពីនេះ លោកចង់ឱ្យមានការជំរុញការប្រើប្រាស់ថាមពលស្អាតលក្ខណៈឯកជនកាន់តែច្រើន ជាពិសេសនៅតាមមូលដ្ឋាន តាមរយៈការកាត់បន្ថយពន្ធនាំចូលលើផ្ទាំងសូឡាខ្នាតគ្រួសារ ដើម្បីពលរដ្ឋទូទៅអាចទិញយកមក​ប្រើប្រាស់ក្នុងតម្លៃទាប។

ការប្រើប្រាស់ថាមពលកកើតឡើងជួយដល់បរិស្ថាន

លោក លី ច័ន្ទតារាវុធ ជាសកម្មជនបរិស្ថាន បាននិយាយថា ការប្រើប្រាស់ថាមពលកកើតឡើងវិញមានប្រយោជន៍ចំពោះបរិស្ថាន ព្រោះអាចបង្កផលប៉ះពាល់តិចដល់បរិស្ថាន ហើយអាចកកើតឡើងវិញបាន ខណៈពិភពលោកកំពុងមាននិន្នាការផ្តោតលើរឿងនេះ។

គួរបញ្ជាក់ថា កម្ពុជាបានចេញផ្សាយផែនការមេអភិវឌ្ឍន៍វិស័យថាមពលកម្ពុជារហូតដល់ឆ្នាំ ២០៤០ គោលនយោ​បាយជាតិស្តីពីប្រសិទ្ធភាពថាមពល ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍអន្តរកាល ថាមពលស្អាតឆ្ពោះទៅធ្វើតុល្យភាពកាបូន និងគោលនយោបាយអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ។ ក្នុងន័យនេះ រដ្ឋាភិបាលហាក់បង្ហាញការគាំទ្រចំ​ពោះការពង្រីកលើការទាញយកថាមពលកកើតឡើងវិញ ឬថាមពលស្អាតឲ្យច្រើនជាង ៦២ភាគរយដើម្បីប្រយោជន៍បរិស្ថាននិងប្រសិទ្ធភាពថាមពល។

ជាក់ស្តែងនៅដើមខែមេសា ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាបានផ្តល់ឱ្យវិនិយោគនូវគម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីចំនួន៥ ដែលផ្សារភ្ជាប់នឹងថាមពលកកើតឡើងវិញក្នុងនោះរួមមានគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល និងវារីអគ្គិសនីស្ទឹង​វាយ​ថ្មកំបុត​(ផ្គួបគ្នា)​ និងគម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យបួនគម្រោង (នៅខេត្តពោធិ៍សាត់ ១គម្រោង ខេត្តកំពង់ឆ្នាំង ១គម្រោង ខេត្តស្វាយរៀង ១គម្រោង និងខេត្តព្រៃវែង ១គម្រោង)។

សូមរំឭកថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធនិងវេទិកាធុរកិច្ចថាមពលអាស៊ាន​កា​លពីខែកញ្ញា ឆ្នាំ២០២២ ក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកទឹកចិត្តឱ្យសហគ​មន៍អាស៊ានបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាពថាមពលនិងថាមពលកកើតឡើងវិញឲ្យបានអ​តិបរមាទៅតាមលទ្ធភាព ជាពិសេសសម្រាប់កម្ពុជាខ្លួនឯងផ្ទាល់ជាមួយនឹងការកាត់បន្ថយការអភិវឌ្ឍគម្រោងប្រភ​ពថាមពលប្រើប្រាស់ឥន្ធនៈហ្វូស៊ីលដែលមានធ្យូងថ្ម និងប្រេង ជាដើម។

ពាក់ព័ន្ធការគាំពារបរិស្ថាននិងវិស័យថាមពលនេះដែរ កាលពីឆ្នាំ២០២០កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស ៧២ ដែលបានដាក់របាយការណ៍បច្ចុប្បន្នភាព នៃការចូលរួមចំណែករបស់ខ្លួនក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (NDC) ទៅលេខាធិការដ្ឋាន UNFCCC មុនពេលកំណត់។ រីឯនៅឆ្នាំ ២០២១ កម្ពុជាបានដាក់ជូននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនឬ «Cambodia’s Long Term Strategy for Carbon Neutrality (LTS4CN)» ជាមួយគោលដៅលើការបញ្ចេញឧស្ម័នស្មើសូន្យនៅត្រឹមឆ្នាំ ២០៥០៕ ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner