មេបញ្ជាការសឹករងកំពង់ធំ ណែនាំកងកម្លាំង ត្រៀមការពារសន្តិសុខ ជូនបក្សនយោបាយនានា និងប្រជាពលរដ្ឋ ក្នុងដំណើរការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧
កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗដែលកើតមានឡើងប្រចាំសប្តាហ៍ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសរសើរ និងអរគុណចំពោះកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញតួនាទីភារកិច្ចទទួលបានជោគជ័យ តាមផែនការដែលថ្នាក់លើបានប្រគល់ជូនក្នុងរយៈពេលកន្លងមក និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងមានជាអាទិ៍ ៖
ទី១-យោធិនគ្រប់រូប ប្តេជ្ញាគោរពតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់អំពើទាំងឡាយណាដែលមានចេតនាបង្កចលាចល បំផ្លាញសុខសន្តិភាព និងសណ្តាប់ធ្នាប់ដែលយើងកំពុងមានសព្វថ្ងៃនេះ ។
ទី២-យោធិនគ្រប់រូបត្រូវតែស្មោះត្រង់ និងការពារឲ្យបានដាច់ខាត ចំពោះជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ។
ទី៣-ត្រៀមខ្លួនព្រមទាំងមធ្យោបាយគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាព ជូនគណបក្សនយោបាយនានា និងប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យទទួលបានជោគជ័យ៕
ដោយ ប៊ុន រដ្ឋា