ឯកឧត្តម សុខ សូកាន បានថែ្លងថា សំណង់ព្រះវិហារដ៏ធំស្កឹមស្កៃនិងថ្មីស្រឡាងនេះគឺជាមរតកនៃសន្តិភាពក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុនសែន

ខេត្តតាកែវ ៖ ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ និងឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ បានអញ្ជើញចូលរួមពិធីកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តគិរីគង្គារ (ហៅវត្តបួរ) ភូមិបួរ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ។

វត្តគិរីគង្គា ហៅវត្តបួរ មានទីតាំងលើកំពូលភ្នំបួរ គឺជាវត្តមួយក្នុងចំណោមវត្តទាំង៤៩ ក្នុងស្រុកគិរីវង់ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៧៧៧ មកម៉្លេះ។ នៅក្នុងកំលុងឆ្នាំ២០០៨ ក្រោយពីបានមើលឃើញទីអារាមនេះមានព្រះវិហារចាស់តូចមួយ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង សម្ដេចវិបុលបញ្ញា សុខ អាន បានចាត់ឱ្យ ឯកឧត្ដម លី ប្រុស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃរំដេង, លោកឧកញ៉ា វង្ស ឈាន និង លោកជំទាវ សុខ ណៃ ដឹកនាំលោកអាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តចំនួនពីរ គឺ ភូមិបួរ និងភូមិត្រពាំងជ័យ រៀបចំកសាងនូវព្រះវិហារថ្មីមួយឡើង នៅលើកំពូលភ្នំបួរ ឱ្យធំស័ក្តិសមនឹងតេជៈបារមីដ៏ខ្លាំងក្លានៃអារាមគិរីគង្គារនេះ ព្រមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទាំងក្នុងទីតាំងវត្ត និងជុំវិញវត្តទាំងអស់ ចាប់ផ្តើមពីឆ្នាំ២០១០ ហើយបានសាងសង់រួចរាល់ស្ថាពរកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ។

ឯកឧត្តម សុខ សូកាន បានថែ្លងថា សំណង់ព្រះវិហារដ៏ធំស្កឹមស្កៃនិងថ្មីស្រឡាង ព្រមទាំងសមិទ្ធផលនានា នៅវត្តគិរីគង្គារ (ហៅវត្តបួរ) គឺជានិមិត្តរូបនៃការរួបរួមកម្លាំងសាមគ្គី ការលះបង់ដ៏ធំធេង ទាំងពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងថវិកាផ្ទាល់ខ្លួន ដើម្បីកសាងសមិទ្ធផលរួមគ្នា បន្តពីមួយជំនាន់ទៅមួយជំនាន់ សម្រាប់កូនចៅរបស់យើងជំនាន់ក្រោយៗទៀត។

ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាជនស្រុកគិរីវង់ទាំងអស់ ដែលមានវត្តមាននៅទីនេះ និងដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរួចហើយ សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នាកុំបីខាកខាន ដើម្បីអនុវត្តសិទ្ធិពលរដ្ឋ ក្នុងឋានៈជាម្ចាស់ជោគវាសនានៃប្រទេសរបស់ខ្លួន ហើយជ្រើសរើសមេដឹកនាំដែលរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យឈានឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពប្រកបដោយចីរភាព ។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បាននាំយកនូវ ទេយ្យទាន ក្រណាត់ស ក្រមា សម្ភារសិក្សា និងថវិកាឧបត្ថម្ភមួយចំនួន ដើម្បីប្រគេនថ្វាយព្រះតេជគុណ និងចែកជូនដល់ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងពិធីផងដែរ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner