មន្ទីពេទ្យគន្ធបុប្ផាសៀមរាប ព្យាបាល​កុមារី​​មានជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ បាត់ជីពចររហូតប្រាំពីរដង បានធូរស្បើយ​វិញ​

អត្ថបទដោយ៖
CPA

សៀមរាប៖​ មន្ទីពេ​ទ្យ​គន្ធបុប្ផាសៀមរាបបានជួយ​សង្រ្គោះ និង​ព្យាបាល​​កុមារីអាយុប្រាំឆ្នាំម្នាក់ ពីជំងឺគ្រុនឈាម​ ដែល​កុ​មារីនេះ មានអាការៈធ្ងន់ធ្ងរ​ រហូត​បន្ទោបង់លាមក​មានឈាម បាត់ជី​ពចររហូតដល់ប្រាំពីរដង គ្រុនក្តៅ ក្អួតចង្អោរ និ​ងឈឺពោះ​ផងដែរ​។​

​តាមការប្រកាសឱ្យដឹងពី​មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា នៅ​ថ្ងៃទី៥ ខែមិថុនា ​បានឱ្យដឹងថា កាលពីពេ​ល​​ថ្មីៗនេះ មន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសពីការសង្រ្គោះជីវិតកុមារីម្នាក់អាយុប្រាំឆ្នាំ មកពី​ស្រុកវ៉ារិន ខេត្តសៀមរាប បន្ទាប់ពីកុមារីរូបនេះមានអាការៈគ្រុនក្តៅ ក្អួតចង្អោរ ឈឺពោះ រយៈពេលបួនថ្ងៃ និងបានព្យាបាលនៅ​មណ្ឌលសុខភាពដោយបានចាក់ថ្នាំ និងដាក់សេរ៉ូមអស់ប្រាំប្លោក។

មូលនិធិមន្ទីរពេទ្យ​គន្ធបុប្ផាកម្ពុជា បានឱ្យដឹង​ថា ដោយឃើញកូនកាន់តែសន្លឹម ម្តាយក៏សម្រេចចិត្តបញ្ជូនកូនមកព្យាបាលបន្តនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣។​ ​ពេលមកដល់មន្ទីរពេទ្យគន្ធបុប្ផាសៀមរាបកុមារី​ មានសភាពធ្ងន់ធ្ងរសន្លឹម ប​ត់ជើ​ងធំមានឈាម បាត់ជីពចររហូតដល់ប្រាំពីរដង និងបានជួយសង្គ្រោះដោយប្រើសេរ៉ូម ដាក់អុកស៊ីសែន បញ្ចូលឈា​មពីរប្លោក និងប្លាស្មា១០ប្លោកផងដែរ​។

បន្ទាប់​ពី​ធ្វើការ​ពិនិត្យ តាមដានដោយយកចិត្តទុកដាក់រយៈពេល១០ថ្ងៃ ​កុមារីរូបនេះ​បានធូរសះស្បើយ និ​ងបានអនុញ្ញាតឱ្យ​ចេញពីមន្ទីរពេទ្យ​ កាលថ្ងៃទី៣ ខែមិថុនា កន្លងមកនេះ។ នេះបើតាមការបញ្ជាក់បន្ថែម ពីមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។​​

​យោងតាមរបាយការណ៍ពីមន្ទីរពេទ្យកុមារគន្ធបុប្ផា បានឱ្យដឹងដែរថា ក្នុងរយៈពេល ប្រាំខែ ឆ្នាំ២០២៣​កុមារ​​ចំនួន ៣២០ ៩២១ នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ពោលចំនួននេះ គឺមានការកើន ៥២ភាគរយ ច្រើនជាងឆ្នាំ២០២២។ ជាមួយគ្នានេះ កុមារមានជំងឺធ្ងន់ធ្ងរចំនួន ៧៤ ៩៧៥នាក់ ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ពោលចំនួននេះ កើន ១០៨ភាគរយ ច្រើនជាងឆ្នាំ២០២២។​

លើសពីនេះ មានកុមារចំនួន ៣៧៥ នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេ​ទ្យ, កុមារចំនួន ១០ ៣៩១ នាក់ បានទទួលការវះកាត់ ខណៈវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតា​ម​សរសៃឈាម នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាសៀមរាប និងភ្នំពេញ បានចំនួន ៣៦៧ នាក់។​

របាយការណ៍ដដែល​បានបន្តថា​​ ស្ត្រីមានផ្ទៃពោះចំនួន ៤២ ០៩៥ ករណី បានមកពិនិត្យតាមដានផ្ទៃពោះនិ​ងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភព និងសម្រាលកូននៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣ ខេត្តសៀមរាប) បានចំនួន ៨ ៣១៩នាក់ មានការកើន ៣៥ភាគរយ។ ​

នាពិធី​ប្រគល់ និងទទួល​ថវិកាពី​កាកបាទក្រហមកម្ពុជាចំនួន​មួយលានដុល្លារអាម៉េរិក នៅថ្ងៃទី១ ខែមិថុនា កន្លងទៅនេះ ​ លោក រស់ សីលវ៉ា នាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា ​បានលើកឡើងដែរថា រាល់ការបន្តចូលរួមចំណែកជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា គឺពិតជាបានបង្ហាញពីការគិតគូរក្នុងការលើកកម្ពស់សុ​ខុមាលភាពកុមារ ដែលជាមូលធនមនុស្សនៅកម្ពុជា និងជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ។​

លើសពីនេះ លោក បានថ្លែងបន្តថា ៖ «វិភាគទានដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ក៏ដូចសប្បុរសជននានា នឹងចូលរួមចំណែកធានានូវចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា ព្រមទាំងធានាថាកុមារកម្ពុជា នឹងបន្ដទទួលបានការធានានូវការគាំពារផ្នែកសុខភាព»។​​

ប្រធានកម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល លោក លាង ឬទ្ធា បានប្រាប់កាលពីថ្ងៃទី​១ ខែមិថុនាថា ​ក្នុងរយៈពេល ២០ សប្ដាហ៍នៃឆ្នាំ២០២៣នេះ ករណីជំងឺគ្រុនឈាម មានចំនួន ២ ៦​៦​៦ ករណី ដោយក្នុងនោះ មានករណីស្លាប់ ៥ករណី ដែល​មានការកើនឡើងជាង ១០០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ​ដែល​ចំនួន ១ ១៤០ ករណី និងស្លាប់១ករណី។

លោក​បាន​​ឱ្យដឹងដែរថា​ កម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម បានអនុវត្តវិធានការផ្សេងៗ ដើម្បីប្រ​យុទ្ធ​ប្រ​ឆាំងនឹងការរីករាលដាលនៃជំងឺគ្រុនឈាម ដោយបានរៀបចំថ្នាំអាបែត (Abate) សម្លាប់មូសខ្លា ចំនួន ២​៣០ តោន និងថ្នាំគីមីសម្រាប់បាញ់ចំនួន ៦០០០ លីត្រ។​

​ខេត្តដែលមានករណីជំងឺគ្រុនឈាមខ្ពស់មានដូចជា ខេត្តកំពង់ចាម កណ្ដាល តាកែវ ត្បូងឃ្មុំ ព្រះវិហារ សៀមរាប ​ព្រះសីហនុ និងរាជធានីភ្នំពេញ៕

ដោយ៖បូរ ពេជ្រហ្សាលីន

ads banner