អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងនិងបង្ការជំងឺថៃ៖ ចំនួនអ្នកជំងឺកូវីដសម្រាកព្យាបាលនៅមន្ទីរពេទ្យ កើនឡើង
ថៃ៖ ចំនួនអ្នកជំងឺកូវីដ១៩ ដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ បានកើនឡើងកាលពីសប្ដាហ៍មុន ខណៈអាជ្ញាធរសុខាភិបាលលើកជំរុញការចាក់វ៉ាក់សាំងលើកុមារតូចៗ ដើម្បីការពារការលូតលាស់របស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃចន្ទ ដោយស្រង់សម្ដីអគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់ប្រទេសថៃ លោកវេជ្ជបណ្ឌិត តារេស ក្រាសានណៃរ៉ាវីវង់(Tares Krassanairawiwong) ។
លោក តារេស មានប្រសាសន៍ថា កាលពីសប្ដាហ៍មុន ចន្លោះពីថ្ងៃទី ២៨ ខែឧសភា ដល់ថ្ងៃទី ០៣ ខែមិថុនា ប្រទេសថៃមានអ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ចំនួន ៣,០៨៥ នាក់ ដោយកើនឡើង ៤ ភាគរយធៀបទៅនឹងសប្តាហ៍មុនមួយទៀត។
ចំនួននេះបង្ហាញថា ជាមធ្យម មានអ្នកជំងឺកូវីដ-១៩ ប្រហែល ៤៤០ នាក់/ថ្ងៃ ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយកើនឡើងពី ៤២៤ក្នុងមួយថ្ងៃ នៅសប្ដាហ៍មុនមួយទៀត។
ទន្ទឹមនឹងនោះ អ្នកស្លាប់ទាក់ទងនឹងកូវីដ-១៩ នៅប្រទេសថៃ ក៏បានកើនឡើងផងដែរ ដោយកាលពីសប្ដាហ៍មុន អ្នកស្លាប់ថ្មីមានចំនួន ៦៨ ករណី ដែលកើនឡើងរហូតដល់ ៦២ ភាគរយ បើប្រៀបធៀបនឹងសប្ដាហ៍មុនមួយទៀត ដែលមានត្រឹម ៤២ ករណី។
លោកវេជ្ជបណ្ឌិត តារេស បានបន្តថា មនុស្សចាស់ អ្នកដែលមានជំងឺប្រចាំកាយ និងស្ត្រីមានផ្ទៃពោះ រួមចំណែក ៩៧ ភាគរយ នៃចំនួនអ្នកស្លាប់ថ្មី ហើយក្រុមមនុស្សទាំងនេះ មិនទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់គ្រាន់នោះទេ។
ប្រធាន CDC ថៃដដែល លើកទឹកចិត្តប្រជាជនឱ្យទទួលវ៉ាក់សាំង ដើម្បីការពារជំងឺធ្ងន់ធ្ងរ និងការស្លាប់ក្នុងករណីដែលពួកគេឆ្លងជំងឺកូវីដ។ លោកបានបន្តថា ឆ្នាំ ២០២៣ នេះ កុមារអាយុក្រោម១ឆ្នាំ មានអត្រាឆ្លងជំងឺកូវីដ-១៩ខ្ពស់បំផុត និងបន្ទាប់មកគឺមនុស្សចាស់ចាប់អាយុចាប់ពី៧០ឆ្នាំឡើងទៅ។ តាមរយៈនេះ លោកណែនាំឱ្យប្រជាជនថៃដែលជាឪពុកម្តាយ នាំកូនតូចៗទៅចាក់វ៉ាក់សាំង ដោយកុំបារម្ភថាវាមានគ្រោះថ្នាក់អ្វីឡើយ។
ចំណែកគ្រូពេទ្យកុមារនៅមន្ទីរពេទ្យស៊ីរីរាជ(Siriraj) នៃប្រទេសថៃ លោកស្រីវេជ្ជបណ្ឌិត គុលកាឡារីយ៉ា ជុកប៉ៃប៊ុនគីត(Kulkalaya Chokpaibulkit) បានថ្លែងប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ការចាក់វ៉ាក់សាំងកាត់បន្ថយហានិភ័យនៃរោគសញ្ញាកូវីដរយៈពេលយូរ និងរោគសញ្ញារលាកពហុប្រព័ន្ធរាងកាយរបស់កុមារ (MIS-C)។ លោកស្រីបន្តថា ក្មេងៗដែលមានជំងឺប្រចាំកាយ ប៉ុន្តែមិនទទួលបានវ៉ាក់សាំងការពារ អាចវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ និងយូរ ដែលអាចប៉ះពាល់ដល់ការលូតលាស់របស់ពួកគេ។
គួររំឮកថា ថៃគឺជាប្រទេសដែលរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដ៏ធ្ងន់ធ្ងរបំផុតមួយនៅអាស៊ីអាគ្នេយ៍។ កូវីដ១៩ បានឆក់យកជីវិតមនុស្សជាង ៣,៤ ម៉ឺននាក់ក្នុងប្រទេស រាប់តាំងពីការឆ្លងរាលដាលផ្ទុះឡើង៕ ប្រែសម្រួល៖ ហួន ឌីណា