កសិករម្នាក់នៅស្រុកកែវសីមាចិញ្ចឹមខ្យងប័រ ខ្យងឈឺរីនិងខ្យងទុរេន អាចលក់បានមួយគីឡូពី៥០ទៅ១០០ ដុល្លារ
មណ្ឌលគិរី៖ កាលណានិយាយដល់សត្វខ្យង គេប្រាកដជានឹកឃើញដល់ ខ្យងបឹង ខ្យងស្រែ ដែលដាក់លក់ជាហូរហែរ មានតម្លៃទាប ឬមិនលើសពី ៥ដុល្លារ-១០ដុល្លារនោះទេ តែបច្ចុប្បន្ននេះ មានកសិករខ្មែរម្នាក់នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី កំពុងចិញ្ចឹមខ្យងបីប្រភេទដែលអាចលក់ចេញក្នុងតម្លៃថ្លៃខ្ពស់ និងថែមទាំងផ្គត់ផ្គង់ទីផ្សារសឹងមិនទាន់។
លោក ហាច ឆន ម្ចាស់កសិដ្ឋាន៤០០ ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឱ្យដឹងថា កសិដ្ឋានលោកមានចិញ្ចឹមសត្វជាង ៤០០ ប្រភេទ រួមទាំងខ្យងជាច្រើនប្រភេទ ដែលអាចលក់បានក្នុងតម្លៃថ្លៃ និងកំពុងមានទីផ្សារល្អ។
លោកបានឱ្យដឹងថា ៖បច្ចុប្បន្ន នេះសម្រាប់ការចិញ្ចឹមខ្យងរបស់លោក មានច្រើនប្រភេទទាំងប្រភេទក្នុងទឹក និងលើគោក ។បច្ចុប្បន្នលោកចិញ្ចឹមខ្យងច្រើន តែផ្តោតសំខាន់ទៅលើតែខ្យងប័រ ខ្យងទុរេន និងខ្យងឈឺរី ដោយសារវាមានតម្លៃថ្លៃសម្រាប់ខ្យងប័រ និងខ្យងទុរេន មួយគីឡូមានតម្លៃ ១០០ដុល្លារ ចំណែកខ្យងឈើរី មួយគីឡូ ៥០ដុល្លារ។
ម្ចាស់កសិដ្ឋាននៅដែនដីនៃភាគឦសានរូបនេះបានឱ្យដឹងដែរថា ខ្លួនបានចាប់ផ្ដើមការចិញ្ចឹមរបស់ខ្លួនបានជិតប្រាំឆ្នាំហើយ ពោលគឺតាំងពីឆ្នាំ ២០១៨ ដោយការនាំយកពូជមកពីប្រទេសជប៉ុន ដើម្បីយកមកបង្កាត់ពូជចិញ្ចឹមតាមបែបធម្មជាតិ។
លោកបានឱ្យដឹងថា សម្រាប់ការចិញ្ចឹមខ្យងនេះ វាកើតមកពីការស្រាវជ្រាវ ដោយខ្លួនឯង គឺខ្ញុំព្យាយាមយកវាមក ហើយសិក្សាស្រាវជ្រាវខ្លួនឯង ទម្រាំតែជោគជ័យ ទទួលបានលទ្ធផលល្អត្រូវចាយពេលសិក្សាពីជិត១ឆ្នាំឯណោះ។
ស្របពេលជាមួយគ្នានេះ លោក ហាច ឆន ក៏បានរៀបរាប់ពីមូលហេតុដែលធ្វើឱ្យខ្យងប្រភេទនេះមានតម្លៃខ្ពស់ព្រោះថាវាមានរសជាតិឆ្ងាញ់ប្លែកអាចច្នៃធ្វើម្ហូបបានច្រើនមុខ។សាច់មានពណ៌ស្អាតនិងសម្បូរទៅដោយវីតាមីនជាច្រើនប្រភេទ។
លោកបញ្ជាក់ថា ៖ «ខ្យងប័រ ទុរេន និងឈឺរី មានលក្ខណៈពិសេសជាងខ្យងធម្មតា ដោយសារតែវាសម្បូរទៅដោយវីតាមីនចម្រុះដូចជា B12 វីតាមិន C និងវីតាមីនD ជាដើម ហើយលើសពីនេះវាក៏ផ្តល់អត្ថប្រយោជន៍សុខភាពច្រើនដល់មនុស្សចាស់ និងកុមារផងដែរ»។
ដោយឡែកអតីតនិស្សិតផ្នែកកសិកម្មរូបនេះបានឱ្យដឹងដែរថា ខ្យងមានទីផ្សារខ្ពស់នាពេលបច្ចុប្បន្ននេះ មិនថាតម្រូវការនៅតាមហាងនានា និងការផ្គត់ផ្គង់ពូជខ្យងទៅដល់កសិករដទៃជាដើម។
លោក ហាច ឆន បានផ្តល់ជាឧទាហរណ៍ថា សម្រាប់តែកសិដ្ឋានរបស់លោក ក្នុងមួយខែគឺអាចលក់ចេញ បានចន្លោះពី ៣០០គីឡូក្រាម ទៅមួយតោនខ្យងឯណោះនៅក្នុងមួយខែ។បច្ចុប្បន្នយើងផ្គត់ផ្គង់ក្នុងស្រុក ទី១ យើងលក់ជាពូជ។ មួយចំនួនទៀតផ្គត់ផ្គង់សម្រាប់ពលរដ្ឋដែលទិញយកទៅបរិភោគ និងមួយចំនួនតូចនាំចេញទៅក្រៅប្រទេស ពោលគឺតាមអ្នកការស្គាល់គ្នា ឬបរទេសដែលមករៀនសូត្រនៅកសិដ្ឋាន ហើយទិញយកទៅបង្កាត់ពូជ»។
បច្ចុប្បន្នកសិដ្ឋាន៤០០របស់លោក ហាច ឆន បានបង្កើនការផលិតមានអាងចិញ្ចឹមកូនខ្យងរហូតដល់ ប្រមាណ៣០០អាង ឯណោះ និងអាចរកចំណូលបាន ចន្លោះពីមួយម៉ឺនទៅបីម៉ឺនដុល្លារ នៅក្នុងមួយខែ។
ជាមួយគ្នានេះដែរ សម្រាប់ការចិញ្ចឹមខ្យងប្រភេទនេះដែរលោកក៏បានលើកទឹកចិត្តដល់កសិករដទៃឱ្យចិញ្ចឹមដោយសារវា មានភាពងាយស្រួលថែទាំង ហើយអាចប្រមូលផលបានក្នុងចន្លោះពេល ត្រឹមតែពីរខែកន្លះ ទៅ៣ខែប៉ុណ្ណោះ ដែលមានរយៈខ្លីជាងខ្យងធម្មតាដល់ទៅ ៦-៧ខែ ហើយវាថែមទាំងមិនរើសចំណីថែមទៀត។
លោក ហាច ឆន បញ្ជាក់ថា ៖ «ខ្យងប្រភេទនេះងាយស្រួលមើលថែមែនទែន អត់រើសទឹក អត់រើសក្តៅ អត់រើសអាកាសធាតុទេ ឱ្យតែមានទឹកគ្រប់គ្រាន់ ផ្តល់ចំណីជាបន្លែ ឬផ្លែឈើទុំសល់ក៏វាស៊ីដែរ ចកក៏បានស្លឹកឈើក៏បាន វាអត់រើសទេនិយាយរួមគឺវាងាយស្រួលចិញ្ចឹមណាស់ម្លប់ក៏ចិញ្ចឹមបានក្តៅក៏បានត្រជាក់ក៏បាន»៕ ដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ