JICA ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងប្រៃសណីយ៍ ដើម្បីលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា បានបង្ហាញគោលជំហរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចូលរួមចំណែកលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងបន្តធ្វើការយ៉ាងស្អិតរមួតជាមួយមន្ត្រីបច្ចេកទេសរបស់ ក.ប.ទ. ជាពិសេសលើវិស័យសន្តិសុខសាយប័រ ដែលទីភ្នាក់ងារ JICA បានត្រៀមអ្នកជំនាញការរួចជាស្រេចដើម្បីបណ្តុះបណ្តាលដល់មន្ត្រីជំនាញរបស់ ក.ប.ទ. និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។

ការលើកឡើងនេះ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោក Sanui Kazumasa ប្រធានតំណាងថ្មីនៃទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

លោក Sanui Kazumasa បានកោតសរសើរទៅលើកិច្ចខិតខំ ស្នាដៃ និងសមិទ្ធផលរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលសម្រេចនាពេលកន្លងមកផងដែរ ។
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានថ្លែងអំណរគុណចំពោះឆន្ទៈរបស់ទីភ្នាក់ងារ JICA ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធលើផ្នែកសន្តិសុខសាយប័រ និងសំណូមពរដល់ទីភ្នាក់ងារ JICA ពិនិត្យលទ្ធភាពក្នុងជួយគាំទ្រលើផ្នែកផ្សេងៗទៀតផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញអំពីសមិទ្ធផលថ្មីៗដែលក្រសួងសម្រេចក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ជាពិសេសលទ្ធផល នៃការងារកំណែទម្រង់ការរៀបចំស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍវិស័យក្រោមសមត្ថកិច្ចក្រសួង ដែលសម្រេចបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ និងជាទីមោទនៈ ៕

អត្ថបទ ង៉ាន់ ទិត្យ