ឥណ្ឌូណេស៊ីចាប់ផ្តើមធ្វើសមយុទ្ធយោធាជើងទឹកពហុភាគីចំពេលភាពតានតឹងនៅអាស៊ីប៉ាស៊ីហ្វិកកំពុងបន្តអូសបន្លាយ
ហ្សាការតា៖ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters)នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ប្រទេសឥណ្ឌូណេស៊ីបានបើកសមយុទ្ធកងទ័ពជើងទឹកពហុភាគីនៅក្នុងដែនសមុទ្ររបស់ខ្លួនជាមួយកងទ័ពជើងទឹកមកពីប្រទេសនានា រួមមានសហរដ្ឋអាមេរិក អង់គ្លេស ចិន ជប៉ុន រុស្ស៊ី និងកូរ៉េខាងត្បូងជាដើម។ សមយុទ្ធយោធានេះបានធ្វើឡើងចំពេលស្ថានភាពក្នុងតំបន់កំពុងមានភាពតានតឹងខ្លាំង ជាពិសេសតំបន់អាស៊ីប៉ាស៊ីហ្វិក។
កងទ័ពជើងទឹករបស់ឥណ្ឌូណេស៊ីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធយោធានេះបានធ្វើឡើងនៅតំបន់ជុំវិញកោះកូម៉ូដូ (Komodo) ហើយវាមិនមែនជាសមយុទ្ធយោធាដើម្បីត្រៀមទៅធ្វើសង្គ្រាមនោះទេ ប៉ុន្តែជាការធ្វើឡើងក្នុងគោលបំណងសំខាន់មួយ គឺការពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងទឹកជាមួយបណ្ដាប្រទេសចំនួន ៣៦ ប្រទេសមកពីគ្រប់តំបន់នៅទូទាំងពិភពលោក។
សមយុទ្ធនេះផងដែរក៏បានធ្វើឡើងចំពេលដែលប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងមានភាពរកាំរកូសការទូតផ្នែកយោធានៅក្នុងតំបន់កាន់តែខ្លាំងឡើង ពោលគឺពួកគេបានធ្វើសកម្មភាពយោធាផ្សេងៗគ្នាជាញឹកញាប់នៅជុំវិញកោះតៃវ៉ាន់ និងនៅលើផ្លូវទឹកដ៏មមាញឹកនៃតំបន់សមុទ្រចិនខាងត្បូង និងតំបន់សមុទ្រប៉ាស៊ីហ្វិកខាងលិច។
ជាការកត់សម្គាល់ សមយុទ្ធយោធាដែលផ្ដួចផ្ដើមឡើងដោយប្រទេសឥណ្ឌូណេស៊ីលើកនេះ ជាព្រឹត្តិការណ៍មួយដែលបានប្រព្រឹត្តទៅ ក្រោយពីឧប្បត្តិហេតុកាលពីចុងសប្តាហ៍ដែលបានកើតឡើងនៅច្រកសមុទ្រតៃវ៉ាន់។ យោងតាមកងនាវាចរអាមេរិកម្នាក់បានឱ្យដឹងថា ឧប្បត្តិហេតុនោះគឺបង្កឡើងដោយនាវាចម្បាំងមួយរបស់ចិន បានបើកកាត់មុខនាវារបស់សហរដ្ឋអាមេរិក ស្ទើរតែប៉ះទង្គិចគ្នាទៅហើយ។
ដោយឡែក កងនាវាចរឥណ្ឌូណេស៊ីបានបញ្ជាក់ឱ្យដឹងថា នាវាចំនួន ១៥ គ្រឿង ក្នុងនោះរួមមាននាវារបស់ប្រទេសចិន និងប្រទេសរុស្ស៊ីផងដែរ បានទម្លាក់យុថ្កាចុះសំចតនៅក្បែរកោះ ស៊ូឡាវ៉េស៊ី (Sulawesi) កាលពីថ្ងៃចន្ទ ខណៈដែលសមយុទ្ធយោធានៅតំបន់កោះកូម៉ូដូបាន និងកំពុងចាប់ផ្តើម។
គួរដឹងដែរថា ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍មួយរបស់រដ្ឋចិនឈ្មោះថា CCTV បានរាយការណ៍កាលពីថ្ងៃចន្ទថា កងទ័ពជើងទឹកចិនបានបញ្ជូននាវាពិឃាតមួយឈ្មោះថា ចានជាង (Zhanjiang) និងនាវាចម្បាំង ស៊ូឆាង (Xuchang) មកធ្វើសមយុទ្ធរួមគ្នា។ នាវាទាំងពីរនេះ ប្រទេសចិនបានដាក់បំពាក់ទៅដោយប្រព័ន្ធនាំផ្លូវគ្រាប់មីស៊ីលទៀតផង។
គួររំឭកថា សមយុទ្ធនៅតំបន់កោះកូម៉ូដូឆ្នាំនេះ គឺជាសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាលើកទីបួនហើយដែលឥណ្ឌូណេស៊ីបានធ្វើជាប្រទេសទទួលភារៈរៀបចំធ្វើជាម្ចាស់ផ្ទះ នេះបើរាប់ចាប់តាំងពីការធ្វើសមយុទ្ធលើកដំបូងក្នុងឆ្នាំ២០១៤ មក៕
ប្រែសម្រួល៖ប្រែធា សុណា
ប្រភពព័ត៌មាន៖ Indonesia kicks off multilateral naval exercise amid Asia-Pacific tension