កីឡាករ ជឹម ផាន ឈ្នះមេដាយប្រាក់សម្រេចបំណងធំជូនជាតិ មុនពេលចូលនិវត្តន៍
ភ្នំពេញ ៖ កីឡាករអត្តពលកម្មពិការ ជឹម ផាន ដែលឈ្នះមេដាយប្រាក់លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ កម្រិត ពិការ T64 កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៃព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចាត់ទុកថា នេះជាព្រឹត្តិការណ៍មានអត្ថន័យបំផុតរបស់ខ្លួន ដែលជាហ្គេមចុងក្រោយ មុនចូលនិវត្តពីវិស័យកីឡា ។
ម្ចាស់មេដាយប្រាក់រូបនេះបានបញ្ជាក់ថា វិញ្ញាសា ៨០០ម៉ែត្រនេះ ខ្លួនបានលេងបាន២ដង ដែលលើកទី១បានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតនៅប្រទេសកូរ៉េខាងត្បូង ដោយដណ្តើមបានចំណាត់ថ្នាក់លេខ៣ ហើយក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ គឺជាលើកទី២ ហើយក៏ជាការប្រកួតចុងក្រោយរបស់ខ្លួនដែរ។
កីឡាករ ជឹម ផាន គូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជា ប្រវត្តិសាស្ត្រនៃការរៀបចំជាលើកដំបូងរបស់កម្ពុជា ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលដណ្តើ មបានមេ ដាយប្រាក់១គ្រឿងជូនជាតិ។ នេះជាឱកាសចុងក្រោយរបស់ខ្ញុំ ហើយនេះជាហ្គេមលើកចុងក្រោយបំផុត សម្រាប់ខ្ញុំ មុនពេលខ្ញុំលាឈប់ពីកីឡា។ ខ្ញុំមានវ័យច្រើនហើយ បច្ចុប្បន្ន ខ្ញុំមានវ័យ ៥៥ឆ្នាំហើយ»។
កីឡាករ ជឹម ផាន នៅសល់១វិញ្ញាសាទៀត គឺវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ កម្រិតពិការ T64 ដែរ ប៉ុន្តែម្ចាស់មេដាយប្រាក់រូបនេះដាក់ក្តីសង្ឃឹមតិចតួច ក្នុងការប្រជែងមេដាយ ដោយសារតែកីឡាករ មកពីបណ្តាប្រទេសនានាក្នុងអាស៊ានសុទ្ធសឹងតែជាកីឡាករជំនាន់ក្រោយៗមានវ័យក្មេងៗ ហើយមានសក្តានុពលល្អជាង ។ ដូច្នេះខ្ញុំមិនអាចប្រៀបនឹងកម្លាំងរបស់ប្អូនៗជំនាន់ក្រោយបានទេ វ័យរបស់ខ្ញុំចាស់ហើយ មិនល្អដូចក្មេងៗជំនាន់ក្រោយនេះទេ»។
គួរបញ្ជាក់ថា កីឡាករ ជឹម ផាន ធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ដែរ ប៉ុន្តែមិនដណ្តើមបានមេដាយនោះទេ ដោយកីឡាករ ជឹម ផាន បានចាត់ទុកថា មេដាយប្រាក់របស់ខ្លួន ក្នុងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅមាតុភូមិរបស់ខ្លួន គឺជាសមិទ្ធផលដ៏ធំធេង មុនលាឈប់ពីវិស័យកីឡា ៕ រូបភាព៖ ជីម ភារ៉ា អត្ថបទ សសេរ ដោយ ជាវ ចន្ធូ


