ស្ពានយោលមួយនៅ​ប្រទេសឥណ្ឌា​ បានដួលរលំជា​លើក​ទី២

អត្ថបទដោយ៖
CPA

ញូវដែលី៖ ស្ពានយោលមួយដែលកំពុងត្រូវបានសាងសង់នៅក្នុងរដ្ឋដ៏ក្រីក្របំផុតមួយរបស់ប្រទេសឥណ្ឌា បានបាក់ធ្លាក់ជាលើកទីពី​រ ក្នុងរយៈពេល ១៤ ខែមកនេះ ដែល​ហេតុការណ៍នេះបានបណ្ដាលឱ្យមនុស្សម្នាក់បានបាត់ខ្លួន។ នេះបើយោងតាមសារព័ត៌មានមួយឈ្មោះថា ANI បានរាយការណ៍កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។​

គួរដឹងដែរថាស្ពានយោលមួយនេះកំពុងត្រូវបានសាងសង់នៅលើទន្លេហ្គែង(Ganges)ក្នុងស្រុកបាហ្កាភូ (Bhagalpur) នៃរដ្ឋប៊ីហារ (Bihar) ភាគខាងកើតនៃប្រទេសឥណ្ឌា។ ការសាងសង់នេះផងដែរ បានគ្រោងនឹងបញ្ចប់តាំងតែពីឆ្នាំ២០១៩ ប៉ុន្តែក៏ត្រូវបានពន្យារពេលជាច្រើនលើកច្រើនសារ។

ការពន្យារពេលមួយក្នុងចំណោមការពន្យារពេលជាច្រើនលើកនោះ គឺបណ្តាលមកពីការបាក់ស្រុតកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ដោយសារខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។​

លោក រ៉ាក់ខេស គូម៉ា (Rakesh Kumar) ដែលជាអ្នករស់នៅក្នុងតំបន់ក្បែរនោះបាននិយាយថា ៖ «អំឡុងពេលនៃកា​រ​បាក់ធ្លាក់ វាបានធ្វើឱ្យមានការរង្គើដីយ៉ាងខ្លាំង ហើយហាក់ដូចជាមានអារម្មណ៍ថា មានអ្វីមួយកំពុងផ្ទុះឡើង។ ក្រោយមក យើងបានឃើញថាស្ពាននេះបានដួលរលំហើយ»។​

សារព័ត៌មាន ANI ​ដដែលបានឱ្យដឹងថា ក្នុងអំឡុងពេលនៃការដួលរលំកាលពីថ្ងៃអាទិត្យនោះ មានបុរសចំនួន ៨ នាក់ដែលកំពុងស្ថិតនៅលើស្ពានយោលមួយនេះ ហើយក្រោយហេតុការណ៍បានស្ងប់ស្ងាត់ទៅ សន្តិសុខម្នាក់ត្រូវបានគេរាយកា​រណ៍ថាបានបាត់ខ្លួន។ យោងតាមវីដេអូរបស់សារព័ត៌មាន ANI បានបង្ហាញឱ្យឃើញថា ផ្នែកមួយនៃស្ពានយោលបា​នបាក់ធ្លាក់លិចទៅក្នុងទឹក ដោយផ្នែកខ្លះមានសសរ និងខ្លះមានខ្សែដែកដែលកំពុងដាច់លោតចេញពីគ្នា។​

ដោយឡែក លោក អាមិត រ៉ាជ (Amit Raj) អនុប្រធានរដ្ឋបាលស្រុកតំបន់ស្ពានយោលនេះ បានប្រាប់សារព័ត៌មាន ANI ថា ៖ «យើងបានចាប់ផ្ដើមធ្វើការស៊ើបអង្កេតលើករណីនេះហើយ ហើយខ្ញុំក៏បានរាយការណ៍ពីការរកឃើញទាំងប៉ុ​ន្មានទៅកាន់ប្រធានរដ្ឋបាលស្រុករួចហើយដែរ»។​

កាលពីថ្ងៃចន្ទសប្តាហ៍​នេះ​ ប្រធានរដ្ឋមន្ត្រីប្រចាំនៅរដ្ឋប៊ីហារ លោក នីទីស គូម៉ា (Nitish Kumar) បាននិយាយទៅកា​ន់​អ្នកសារព័​ត៌មានថា លោកសន្យាថានឹងចាត់វិធានការយ៉ាងតឹងរ៉ឹងទៅលើករណីនេះ។ លោក​បាន​មានប្រសាសន៍​ថា​ ៖ «​​មូលហេតុដែលស្ពានយោលមួយនេះ​បានដួលរលំ នោះគឺដោយសារតែវា​មិន​ត្រូវ​បាន​សាងសង់ឱ្យបាន​ត្រឹមត្រូវតាមស្តង់​ដារ​នោះ​ទេ​។​ វា​គួរ​តែ​ត្រូវ​បាន​សាងសង់ឡើងប្រកបដោយភាព​រឹងមាំខ្លាំងជាងនេះ​»​។​

កាល​ពី​ខែ​តុលា ឆ្នាំ​មុន ស្ពានយោល​សម័យ​អាណានិគម​មួយ​នៅទី​ក្រុងម៉ូប៊ី (Morbi) ក្នុង​រដ្ឋហ្គូចារ៉ាត (Gujarat) ភា​គ​​ខាង​លិចប្រទេសឥណ្ឌា ​បាន​បាក់រលំស្រដៀងគ្នានេះដែរ ហើយបានបណ្ដាលឱ្យមនុស្ស​រាប់​រយ​នាក់ ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេម៉ាចឈូ (Machchhu) និង​បាន​សម្លាប់​មនុស្សអស់សរុបចំនួន ១៣៥​នាក់។ យ៉ាងណាក៏ដោយ វាត្រូវបានបើកដំណើរការឡើងវិញប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីមានការជួសជុលអស់រយៈពេលជាច្រើនខែមកនេះ៕

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ India suspension bridge collapses for a second time

ads banner