ស្ត្រីម្នាក់កំពុងបង្កើតទីផ្សារដើម្បីឱ្យកសិករអាចលក់កសិផលបានប្រសើរជាងមុន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ បញ្ហាប្រឈមនៃទីផ្សារកសិផលនៅតែជាក្តីកង្វល់ដ៏ធំមួយនៅក្នុងវិស័យកសិកម្មរបស់ប្រទេស កម្ពុជា។ការធ្វើទីផ្សារសម្រាប់ផលិតផលក៏មិនមែនជារឿងងាយស្រួលឡើយ។ពោលគឺមានតែការព្យាយាមធ្វើឱ្យប្រសើរឡើងបន្តិចម្តងៗដើម្បីជំរុញច្រវាក់ទីផ្សារកសិកម្មឱ្យមានភាពប្រសើរឡើង។

ជាអតីតបុគ្គលិកអង្គការដែលធ្វើការពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមសត្វ និងវិស័យកសិកម្មអស់ជាច្រើនឆ្នាំ លោកស្រី កែវ សុវណ្ណារី ស្ថិតក្នុងវ័យ៤៣ឆ្នាំបានងាកមកដាក់ចិត្តដាក់បេះដូង មកចាប់បង្កើតអាជីវកម្មមួយដើម្បីជួយបង្កើតទីផ្សារសម្រាប់ផលិតផលក្នុងស្រុក និងផលិតផលកសិផលកែច្នៃ។

លោកស្រី កែវ សុវណ្ណារី បានរៀបរាប់ឱ្យដឹងថា អាជីវកម្មកសិផលរីករាយរបស់ខ្លួនបានបង្កើតឡើងក្នុង ខែមេសាឆ្នាំ២០២១ដើម្បីជួយលក់និងជួយធ្វើទីផ្សារក៏ដូចជាផ្តល់ប្រឹក្សាដល់សហគ្រិនមូលដ្ឋាន ក្នុងកំលុងពេលកូវីដ១៩ វាយលុកខ្លាំង ។

លោកស្រីបន្តថា កត្តាដែលជំរុញទឹកចិត្តគឺពេលដែលរូបលោកស្រីបានចុះទៅសហគមន៍មួយនាខេត្តពោធិ៍សាត់ ហើយសង្កេតឃើញថា ផ្សារស្ទើរតែទាំងអស់ត្រូវបានបិទ។កសិផលរបស់សហគមន៍ត្រូវបានរាំងស្ទះទាំងស្រុងដោយសារតែកូវីត១៩ វាយលុកនៅសហគមន៍។

លោកស្រី សុវណ្ណារី បញ្ជាក់ថា៖ «អ៊ីចឹង! ខ្ញុំក៏មានគំនិតថាបើសិនខ្ញុំជួយលក់ក៏ជួយបានមួយផ្នែកដែរបន្ទាប់មកខ្ញុំទាក់ទងជាមួយពួកគាត់ហើយជួយលក់គាត់បានដោយការផ្សព្វផ្សាយតាមបណ្តាញសង្គមនានាឱ្យអស់ពីលទ្ធភាព»។

បច្ចុប្បន្ននេះ កសិផលរីករាយ សហការជាមួយកសិករពីតាមបណ្តាលខេត្តជាច្រើនដូចជា ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង ខេត្តតាកែវ ជាដើម។ ក្រុមហ៊ុនអាយុជាង ២ឆ្នាំនេះកំពុងជួយផ្សព្វផ្សាយលក់ផលិតផលសរុបមានចំនួនប្រមាណ៦០មុខដែលភាគច្រើនសុទ្ធសឹងជា បន្លែ ផ្លែឈើ និងកសិ-អាហារកែច្នៃ ចេញពី សហគ្រាសធុនតូចដែលដឹកនាំស្ត្រីជាច្រើន។

បន្ថែមពីលើនេះលោកស្រី សុវណ្ណារី បានឱ្យដឹងពីលក្ខខណ្ឌក្នុងការជួយផ្សព្វផ្សាយនិងលក់ផលកសិកម្មដូច្នេះថាកសិផលរីករាយផ្តោតតែទៅលើការជួយនិងផ្សព្វផ្សាយលក់ផលិតផលរបស់ សហគមន៍ ឬអាជីវកម្មបង្កើតថ្មី ដែលចាប់ផ្តើមចូលទីផ្សាប៉ុណ្ណោះ។

លោកស្រីបញ្ជាក់ថា៖ «ពេលគាត់មានសក្ដានុពល គាត់មានបណ្តាញច្រើនហើយ គាត់ចាប់ផ្តើមមានគេស្គាល់ច្រើន គាត់អាចចាប់ផ្ដើមធ្វើទីផ្សារដោយខ្លួនឯង ហើយពេលនោះខ្ញុំនឹងផ្ដាច់ការសហការវិញ ដោយងាកទៅចាប់ផ្តើមជួយផលិតផលថ្មីដែលគាត់ទើបតែធ្វើ ចាប់ផ្ដើមចូលទីផ្សារ»។

ដ្បិតថាអាចរកចំណូលបានចន្លោះពី ២០០០ ទៅ ៣៥០០ដុល្លារអាមេរិកក្តី ប៉ុន្តែស្ថាបនិកអាជីវកម្មមួយនេះបានឱ្យដឹងថា កសិផលរីករាយនៅមិនទាន់អាចរកប្រាក់ចំណេញបាននៅឡើងទេតាំងពីពេលចាប់ផ្តើម ព្រោះចំណូលនេះនៅផាត់ថ្លៃដើម រួមទាំងការខាតបង់បន្លែដែលខូចគុណភាពជាដើម។

ចាប់តាំងពីឆ្នាំ២០២២មកលោកស្រី សុវណ្ណារី បានថ្លែងថាខ្លួនតែងនាំយកកសិផលរីករាយ ទៅ ចូលរួមតាំងពិព័រណ៍នៅតាមព្រឹត្តិការណ៍ ធំៗដូចជា ស៊ីហ្គេម ប៉ារ៉ាហ្គេម និងសង្ក្រាន្តសៀមរាប។ គោលបំណងគឺដើម្បីស្វែងរកប្រភពទីផ្សារ និងបង្កើតទីផ្សារបន្ថែមសម្រាប់ផលិតផលក្នុងស្រុក ក៏ដូចជាជំរុញសេដ្ឋកិច្ចប្រជាជនកាន់តែប្រសើរឡើង។

បន្ថែមពីលើនេះលោកស្រីក៏បានបង្ហើយឱ្យដឹងដែរថា កសិផលរីករាយ មានគម្រោងបើកជាហាងតាំងផលិតផលក្នុងឆ្នាំ២០២៣ នេះ និងទៅថ្ងៃមុខទៀត ដោយលោកស្រីចង់កែប្រែកសិផលរីករាយឱ្យទៅជាសហគមន៍កសិកម្មតែម្តងដែលប្រមូលផ្តុំទៅដោយបន្លែ ផ្លែឈើ និងកសិផលខ្មែរឱ្យបានច្រើន៕ ដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner