អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ គណបក្សនយោបាយណាធ្វើសកម្មភាពរារាំងពលរដ្ឋមិនឱ្យចូលរួមការបោះឆ្នោត អាចប្រឈមរំលាយគណបក្ស
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ឯកឧត្តម ជិន ម៉ាលីន បានព្រលយសម្តីថា បើសិនគណបក្សនយោបាយណាធ្វើសកម្មភាពក្នុងន័យរារាំងប្រជាពលរដ្ឋចូលរួមក្នុងការបោះឆ្នោតជាតិខែកក្កដាខាងមុខ នឹងអាចប្រឈមការហាមសិទ្ធិធ្វើនយោបាយរហូតជិតប្រាំឆ្នាំ ឬអាចឈានទៅដល់ការរំលាយគណបក្សដោយតុលាការកំពូល។
ឯកឧត្តម ជិន ម៉ាលីន បានគូសបញ្ជាក់នៅថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២៣នេះថា ក្នុងទិដ្ឋភាពផ្លូវច្បាប់ប្រជាពលរដ្ឋមានសិទ្ធិផ្នែកនយោបាយក្នុងការឈរឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោត ដែលច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្តបានបញ្ញត្តិថា រាល់សកម្មភាពទាំងឡាយណាដែលរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោតនឹងត្រូវប្រឈមនឹងនីតិវិធីផ្លូវច្បាប់ជាធរមាន ព្រោះសកម្មភាពនោះជាបទល្មើស និងជាបំពានសិទ្ធិនយោបាយពាក់ព័ន្ធការបោះឆ្នោត។
ឯកឧត្តមសង្កត់ធ្ងន់ថា៖ «បុគ្គលទាំងឡាយណាដែលធ្វើសកម្មភាពតាមគ្រប់រូបភាព មានទាំងសំឡេង សាររូបភាព ជាដើម ដែលមានចេតនារារាំងពលរដ្ឋមិនឱ្យអនុវត្តសិទ្ធិរបស់ខ្លួន រារាំងមិនឱ្យទៅបោះឆ្នោត បុគ្គលនោះនឹងត្រូវប្រឈមមុខចំពោះច្បាប់ធរមាន»។
ឯកឧត្តម ជិន ម៉ាលីន បានបន្តថា៖ «ប៉ុន្តែបើអ្នកប្រព្រឹត្តជានីតិបុគ្គល ជាគណបក្សនយោបាយវិញ គណបក្សនោះនឹងត្រូវទទូលខុសត្រូវ ពិសេសច្បាប់ស្តីអំពីគណបក្សនយោបាយ ដែលអាចទទួលទោសព្រហ្មទណ្ឌតាមកម្រិត។ក្នុងនោះអាចមានការហាមប្រាមធ្វើសកម្មភាពនយោបាយក្នុងរយៈពេលណាមួយកំណត់មិនលើសពីប្រាំឆ្នាំ ឬបើធ្ងន់ធ្ងរអាចឈានដល់ការរំលាយគណបក្សនយោបាយដោយតុលារការកំពូលដូចធ្លាប់មាននាពេលកន្លងមក»។
សូមជម្រាបថា ការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌ដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងពីអ្នកគាំទ្ររបស់គណបក្សភ្លើងទៀនមួយចំនួន បានបំផុសចលនាមិនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលប្រព្រឹត្តនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជាពិសេសនៅតាមបណ្តាញសង្គម ព្រោះអវត្តមានរបស់គណបក្សដែលខ្លួនគាំទ្រ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី៦ ខែមិថុនា ក៏បានចេញសេចក្តីប្រកាសដោយអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលផ្ទុយពីខ្លឹមសារនៃច្បាប់កំពុងដំណើរការយ៉ាងរលូន ពីការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ស្របតាមច្បាប់បោះឆ្នោត និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
គ.ជ.ប បានលើកឡើងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គល មួយចំនួនបានធ្វើយុទ្ធនាការតាមរយៈខិត្ដបណ្ណ រូបភាព ឬស្ប៉តឃោសនានានា តាមបណ្ដាញ ព័ត៌មានសង្គម ដោយអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល មិនឱ្យទៅបោះឆ្នោត… ព្រោះ គ្មានគណបក្សភ្លើងទៀន។
គ.ជ.បបានបញ្ជាក់ថា៖ «យុទ្ធនាការខាងលើនេះ គឺជាការរំលោភបំពានលើមាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥លាន រៀល ទៅ ២០លាន រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ»។
ទន្ទឹមនឹងនេះ គ.ជ.ប ក៏បានអំពាវនាវ ដល់បុគ្គលទាំងឡាយដែលមានចេតនាទុច្ចរិត ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលផ្ទុយពីខ្លឹមសារនៃច្បាប់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ការបំផុសចលនារារាំង ឬមិនឱ្យប្រជាពលរដ្ឋចូលរួមក្នុងការបោះឆ្នោតជារឿងខុសឆ្គង ដែលអាចបង្កឱ្យមានចលាចលក្នុងសង្គម ហើយពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ផង។
លោក យង់ ពៅ លើកឡើងពីស្ថានភាពនយោបាយកម្ពុជានៅមុនការបោះឆ្នោតដូច្នេះថា ៖ «ខ្ញុំវាយតម្លៃថា មិនមានអ្វីខុសពីប្រក្រតីភាពនោះទេ ព្រោះមុនការបោះឆ្នោត មុនការប្រកួតគ្នា វាតែងតែមានសភាពការណ៍នយោបាយប្លែកៗជាប្រចាំសំខាន់គណបក្សកាន់អំណាច ឬរដ្ឋាភិាបាលអាចធន់នឹងសភាពការណ៍ទាំងអស់ហ្នឹង ហើយអាចដោះស្រាយនិងឆ្ពោះទៅរកដំណើរការបោះឆ្នោតតាមធម្មតា»។
លោកកត់សម្គាល់ឃើញថា ទោះបីមានព្រឹត្តិការណ៍ក្តៅគគុកនៅមុនការបោះឆ្នោតនានាកន្លងក្តី ក៏រដ្ឋាភិបាលអាចគ្រប់គ្រងសភាពការណ៍បាន ហើយឈានទៅរកការបោះឆ្នោតតាមប្រក្រតីទិនជាធម្មតា ដែលបង្ហាញពីសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជា។ លោកស្នើឱ្យអ្នកនយោបាយ និងគណបក្សនយោបាយចួលរួមថែរក្សាស្ថិរភាព និងសន្តិភាព ដើម្បីបើកផ្លូវឱ្យដំណើរការបោះឆ្នោតខាងមុខប្រព្រឹត្តទៅដោយរលូន៕ ដោយ៖ សំបាន ច័ន្ទដារ៉ា