គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតព្រមានដាក់ទោសបុគ្គលដែលរារាំងពលរដ្ឋមិនឱ្យចេញបោះឆ្នោត (Video Inside)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានព្រមានដាក់ទោសបុគ្គលទាំងឡាយ ដែលរារាំងពលរដ្ឋមិនឱ្យចេញទៅបោះឆ្នោតសកល ដែលការព្រមាននេះ បានធ្វើឡើងទន្ទឹមនឹងការបំផុសរបស់ក្រុមប្រឆាំងនៅក្រៅស្រុកញុះញង់ពលរដ្ឋមិនឱ្យចេញទៅបោះឆ្នោតដោយសារការគ្មានគណបក្សភ្លើងទៀន។
ព្រះករុណា ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលកាលពីខែកុម្ភៈ ឆ្នាំ២០២៣ អំពាវនាវដល់ពលរដ្ឋ របស់ព្រះអង្គ «ប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តលើបេក្ខជនណាម្នាក់ និងគណបក្សនយោបាយណាមួយដោយសេរី»។ ប៉ុន្តែអំពើបំផុសញុះញង់របស់ក្រុមធ្វើនយោបាយប្រឆាំងត្រូវ គេចាត់ទុកថាជាទង្វើប្រឆាំងនឹងបន្ទូលអំពាវរបស់ព្រះអង្គ។
សេចក្តីប្រកាសព័ត៌មានរបស់គជបថ្ងៃទី៦មិថុនាបានថ្លែងថា «យុទ្ធនាការតាមរយៈខិត្តបណ្ណ, រូបភាពឬស្ប៉តឃោសនានានា តាមបណ្តាញសង្គមដោយអំពាវនាវប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬគូសសន្លឹកចោលដោយសារគ្មានគណបក្សភ្លើងទៀន» នោះ គឺជាការបំពានលើ មាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ យោងតាមច្បាប់ អ្នកដែលបំពាន ត្រូវផាកពិន័យប្រាក់៥លានរៀលទៅ២០លានរៀល ដោយពុំទាន់គិតពីបទព្រហ្មទណ្ឌ ផ្សេងទៀតឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់គជប បានអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវអំពើទុច្ចរិតទាំងនោះ។ គជប អំពាវនាវពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី សូមចូលរួមការបោះឆ្នោតថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ និងជាប្រយោជន៍សម្រាប់អនាគតរបស់កម្ពុជា។
គួរបញ្ជាក់ថាតួលេខនៃប្រជាពលរដ្ឋ មានសិទ្ធិនឹងបោះឆ្នោតសកលនាពេលខាងមុខនេះ មានជាង ៩ លាន៧សែននាក់, រីឯការិយាល័យដែល ត្រូវបម្រើដល់ការបោះឆ្នោតនៅទូទាំងប្រទេស មានជាង២ម៉ឺនការិយាល័យ៕