ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី៧ រហូតដល់ ថ្ងៃទី១៣ ខែមិថុនា (Video Inside)
បាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានថែមទៀតក្នុងសប្ដាហ៍ទៅមុខនេះ ខណៈកម្ពុជា បានទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើប្រទេសថៃ, ឡាវ និងវៀតណាម គួបផ្សំ នឹងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម, រវាងពីថ្ងៃទី៧ រហូតដល់ ថ្ងៃទី១៣ ខែមិថុនា, នៅក្នុងតំបន់ទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមានឹងមានរវាងពី២៣ ទៅ២៥អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី៣២ទៅ៣៤ អង្សាសេ ដែលសីតុណ្ហ ភាពកម្ដៅនេះ គឺថយចុះរវាងពី១ទៅ៣អង្សាសេ បើប្រៀបធៀបនឹងសប្ដាហ៍មុន។
យោងតាមការព្យាករណ៍ដដែល, បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែកចំពោះ បណ្តាខេត្ត-រាជធានី នៅភាគខាងក្រោម បរិមាណ ភ្លៀងអាចមានកម្រិតថមថយជាងបន្តិច។
ចំណែកនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពកម្ដៅអប្បបរមា រវាងពី ២៤ទៅ២៦ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣០ទៅ៣២ អង្សាសេ បើប្រៀបធៀបនឹងសប្ដាហ៍មុន។ សីតុណ្ហភាពកម្ដៅក្នុងតំបន់នេះ បានថយចុះ១អង្សាសេ។ យោងតាមការព្យាករណ៍ដដែល តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលផ្នែកខ្លះអាចច្រើន លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកនៅតំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពកម្ដៅអប្បបរមារវាងពី២៥ទៅ២៧ អង្សាសេ ដែលសីតុណ្ហភាពកម្ដៅអប្បបរមានេះបានកើនកម្ដៅមកវិញចំនួន២អង្សាសេ, ចំណែកសីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី៣០ទៅ៣២អង្សាសេ ដែលសីតុណ្ហភាព កម្ដៅនេះគឺឋិតនៅថេរ បើប្រៀបធៀបនឹងសប្ដាហ៍មុន។ យោងតាមការព្យាករណ៍ក្នុងតំបន់មាត់សមុទ្រនោះ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងលើផ្ទៃដី និងផ្ទៃសមុទ្រ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ បន្ថែមដោយរលកសមុទ្រមានកម្ពស់ខ្ពស់ ។