២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់ ៧រយករណី (Video Inside)

ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បានបន្តរកឃើញឆ្លងថ្មី ៦ករណី ថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លង ៦ករណី នៅកម្ពុជាថ្ងៃនេះ មានការកើនឡើងចំនួន ២ករណី បើប្រៀបធៀបនឹងម្សិលមិញ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ៧៤៧ករណី ដែលជាតួលេខឆ្លងថយចុះមកវិញចំនួន ២៥១ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។

ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៨នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១ពាន់ ១០៤ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានការឆ្លងចំនួន ៦ករណី។ ប្រទេសសឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៦នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, និងប្រទេសថៃ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ១៩ម៉ឺន ៩ពាន់ ៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៧ពាន់ ៩៩៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៩លានករណី, និងការស្លាប់មានជាង ៦លាន ៨៨ម៉ឺននាក់៕

ads banner