ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួបពិភាក្សាការងារ ជាមួយ ប្រតិភូសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia)
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អនុញ្ញាតឱ្យលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។
លោក Devin Barta បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតិ ឱ្យរូបលោក និងគណៈកម្មាធិការបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) របស់ AmCham Cambodia ដើម្បីរាយការណ៍អំពី ការចូលរួមចំណែករបស់ AmCham លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការជំរុញលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា ការពង្រឹងនិងលើកកម្ពស់បរិវត្តកម្មឌីជីថលនៅកម្ពុជា។ បន្ថែមពីនេះ តំណាងរបស់ AmCham Cambodia ក៏បានស្នើសុំដល់ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញអំពីការអភិវឌ្ឍចុងក្រោយនៃវិស័យដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ព្រមទាំងទិសដៅទៅថ្ងៃអនាគត ដើម្បីលោកអាចជម្រាប និងចែករំលែកដល់ក្រុមហ៊ុនជាសមាជិក AmCham Cambodia រៀបចំខ្លួនឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា ក្របខណ្ឌគោលនយោបាយ និងអនុលោមភាពផងដែរ ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីការងារ និងសមិទ្ធផលស្នាដៃសំខាន់ៗដែលក្រសួងសម្រេចបានក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ រួមមាន៖ កំណែទម្រង់ផ្ទៃក្នុងក្រសួង, ការអភិវឌ្ឍធនធានមនុស្ស, ការលើកកម្ពស់ការផ្តល់សេវាទូរគមនាគមន៍, ការរៀបចំគោលនយោបាយ ច្បាប់ បទប្បញ្ញត្តិពាក់ព័ន្ធ,ការលើកកម្ពស់ការចាប់យកបច្ចេកវិទ្យាតាមរយៈដាក់ចេញនូវគំនិតផ្តួចផ្តើមដូចជា ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការដាក់ចេញកម្មវិធីប្រកួតប្រជែងបញ្ញាវ័ន្តឌីជីថល ការបង្កើតកម្មវិធីកម្ចីសម្រាប់និស្សិតសាកលវិទ្យាល័យសិក្សាជំនាញ ICT ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះស្មារតីសហការរបស់ AmCham Cambodia នឹងរំពឹងថា កិច្ចសហការរវាងស្ថាប័នទាំងពីរនឹងជួយជំរុញដល់ការអនុវត្តគោលនយោបាយរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសតាមរយៈការផ្តល់ប្រឹក្សា និងផ្តល់យោបល់គោលនយោបាយពាក់ព័ន្ធ ក៏ដូចជាចែករំលែកនូវឧត្តម្មានុវត្តន៍នៅក្រៅប្រទេសដល់ក្រសួងតាមរយៈសមាជិករបស់ AmCham Cambodia ៕ ដោយ ៖ ង៉ាន់ ទិត្យ