កម្មករនិយោជិតចំនួនជាង៨ ៧០០នាក់នឹងបានទទួលប្រាក់ឧបត្ថម្ភ ដែលជាកញ្ចប់វិធានការរបស់រាជរដ្ឋភិបាលលើកទី២
ភ្នំពេញ៖ ក្រសួងការងារបានឱ្យដឹងថាកម្មករនិយោជិតចំនួន ៨ ៧៦២នាក់ នៃរោងចក្រ ទាំង២៦នឹងត្រូវបានបើកផ្ដល់ប្រាក់ឧបត្ថម្ភ បន្ទាប់ពីពួកគេត្រូវបានព្យួរ កិច្ចសន្យាការងារស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់ រាជរដ្ឋភិបាលរួចមក(លើកទី២)។
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៣នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់ដល់បងប្អូនកម្មករនិយោជិតចំនួន ៨ ៧៦២នាក់ នៃរោងចក្រ ទាំង២៦ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុង ឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតី នៃសេចក្ដីណែនាំលេខ០២០/២៣ ក.ប/ ស.ណ.ន.ខ.ល ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ស្ដីពីការព្យួរកិច្ចសន្យាការងារកម្មករនិយោជិតធ្វើការនៅរោងចក្រក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ដែលរងផលប៉ះពាល់ដោយសារវិបត្តិ សេដ្ឋកិច្ចសកល ជ្រាបថា ធនាគារ វីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួង តាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក។
សម្រាប់ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ – ៨១ ០០០រៀល (២០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ ។១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់ ១ខែ។
ជាមួយគ្នានេះក្រសួងបានរំឮកថា ធនាគារ វីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីង ។
ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។ សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវឹងឡើយពេលបើកប្រាក់ ឧបត្ថម្ភនេះ ៕ ដោយ៖ម៉ាដេប៉ូ