សហរដ្ឋអាមេរិកពិន័យ Microsoft ២០លានដុល្លារ ជុំវិញការរំលោភលើទិន្នន័យកុមារ
វ៉ាស៊ីនតោន៖ ក្រុមមន្ត្រីបាននិយាយថា ក្រុមហ៊ុន Microsoft នឹងបង់ប្រាក់ ២០លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់របស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការប្រមូលព័ត៌មានផ្ទាល់ខ្លួនពីកុមារ ដោយគ្មានការយល់ព្រមពីឪពុកម្តាយរបស់ពួកគេ។
រដ្ឋាភិបាលអាមេរិកបានតម្រូវឱ្យក្រុមហ៊ុន Microsoft បង់ប្រាក់ពិន័យ ២០លានដុល្លារ ជុំវិញការរំលោភលើព័ត៌មានផ្ទាល់ខ្លួនរបស់កុមារ ដោយគ្មានការយល់ព្រមពីឪពុកម្តាយរបស់ពួកគេ។ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) បានចោទប្រកាន់ថា ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ ក្រុមហ៊ុន Microsoft បានប្រមូលទិន្នន័យផ្ទាល់ខ្លួនពីកុមារមានអាយុក្រោម ១៣ឆ្នាំ ដែលបានចុះឈ្មោះចូលប្រព័ន្ធហ្គេម Xbox របស់ខ្លួន ដោយគ្មានការអនុញ្ញាតពីឪពុកម្តាយរបស់ពួកគេ និងរក្សាព័ត៌មានអំពីកុមារ។
ដើម្បីបើកគណនី អ្នកប្រើប្រាស់ត្រូវផ្តល់ឈ្មោះ និងនាមត្រកូល អាសយដ្ឋាន អ៊ីមែល និងថ្ងៃខែឆ្នាំកំណើត។ FTC បាននិយាយថា Microsoft បានបំពានច្បាប់មួយ ដែលគេហៅថា ច្បាប់ការពារឯកជនភាពលើប្រព័ន្ធអ៊ីនធើណិតរបស់កុមារ ឬ COPPA។ FTC បន្ថែមថា Microsoft នឹងតម្រូវឱ្យចាត់វិធានការជាច្រើន ដើម្បីជំរុញការការពារឯកជនភាពសម្រាប់កុមារដែលជាអ្នកប្រើប្រាស់ហ្គេម Xbox របស់ខ្លួន។ ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Microsoft បានប្រាប់សារព័ត៌មាន AFP ថា ហ្គេម Xbox បានប្តេជ្ញាចិត្តក្នុងការអនុលោមតាមបទបញ្ជារបស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) ហើយនឹងបង្កើតដំណើរការបញ្ជាក់អត្តសញ្ញាណ និងអាយុថ្មី ដើម្បីផ្តល់នូវបទពិសោធន៍ដែលសមស្របតាមអាយុ។
គួរបញ្ជាក់ថា ស្ថិតនៅក្រោមច្បាប់ COPPA សេវាកម្មអនឡាញ និងគេហទំព័រដែលផ្តោតលើកុមារអាយុក្រោម ១៣ឆ្នាំ ត្រូវតែជូនដំណឹងដល់ឪពុកម្តាយ អំពីព័ត៌មានផ្ទាល់ខ្លួនដែលពួកគេប្រមូល និងទទួលបានការយល់ព្រមពីមាតាបិតាដែលអាចផ្ទៀងផ្ទាត់បាន មុនពេលប្រមូល និងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដែលប្រមូលបានពីកុមារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា