អាល្លឺម៉ង់ប្រគល់ហ្វូស៊ីលដាយណូស័រដ៏កម្រទៅឱ្យប្រេស៊ីលវិញ
ប្រាស៊ីលីយ៉ា៖ ហ្វូស៊ីលដាយណូស័រដ៏កម្រ ត្រូវបានប្រទេសអាល្លឺម៉ង់ប្រគល់ទៅឱ្យប្រទេសប្រេស៊ីលវិញហើយ ដែលនេះជាការបញ្ចប់ជម្លោះការទូត ជុំវិញការស្រាវជ្រាវអ្នកលួចវា។
បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាអស់រយៈពេលជិតបីឆ្នាំ នៅទីបំផុតគណៈប្រតិភូមួយក្រុមដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អ៊ែនណាឡេណា ប៊ែរបក បានប្រគល់ហ្វូស៊ីលដាយណូស័រទៅឱ្យប្រទេសប្រេស៊ីលវិញ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសប្រេស៊ីល។
ហ្វូស៊ីលដាយណូស័រដ៏កម្រ ដែលរកឃើញនៅអាមេរិកខាងត្បូង កាលពី ១១០លានឆ្នាំមុន ត្រូវបានអាល្លឺម៉ង់ប្រគល់ទៅឱ្យប្រេស៊ីលវិញ ដែលនេះជាការបញ្ចប់ជម្លោះការទូត ជុំវិញការស្រាវជ្រាវអ្នកលួចវា។ ហ្វូស៊ីលដាយណូស័រតូចនេះ មានឈ្មោះថា Ubirajara jubatus។
ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រេស៊ីលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទសប្តាហ៍នេះថា ហ្វូស៊ីល Ubirajara jubatus ដែលជាដាយណូស័រមិនមែនសត្វបក្សីដំបូងគេ ដែលរកឃើញនៅអាមេរិកខាងត្បូង ត្រូវបានប្រគល់ឱ្យប្រេស៊ីលវិញហើយ។
ហ្វូស៊ីលដាយណូស័រនេះ ត្រូវបានរកឃើញនៅឆ្នាំ ១៩៩០ ដោយក្រុមបុរាណវិទូនៅរដ្ឋស៊ីរ៉ា ភាគឦសាន។ ហ្វូស៊ីលដាយណូស័រនេះ មានទម្ងន់ ១១.៥គីឡូក្រាម ឥឡូវនេះនឹងត្រូវដាក់នៅសារមន្ទីរបុរាណវិទ្យានៅឯសាកលវិទ្យាល័យស៊ីរ៉ា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា