លោក ប្រាយុទ្ធ ចាន់អូចា ៖ ពេលវេលាធ្វើជានាយករដ្ឋមន្ត្រីថៃរបស់លោកដល់ទីបញ្ចប់ហើយ
បាងកក៖ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា រូបលោកមើលឃើញឱកាសតិចតួចបំផុត សម្រាប់លោកត្រឡប់មកកាន់អំណាចមួយអាណត្តិទៀត។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារនេះ បានគូសបញ្ជាក់ថា រូបលោកមើលឃើញឱកាសតិចតួចបំផុត សម្រាប់លោកត្រឡប់មកកាន់អំណាចមួយអាណត្តិទៀត។
នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មាន អំពីលទ្ធភាពដែលគណបក្សតូចៗអាចនឹងតែងតាំងរូបលោកជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលសំឡេងភាគតិច ក្នុងករណីគណបក្សឆ្ពោះទៅមុខ ឬគណបក្សភឿថៃបរាជ័យ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះនោះ លោក ប្រាយុទ្ធ បានឆ្លើយតបថា បច្ចុប្បន្ន អ្វីដែលលោកកំពុងផ្តោត នោះគឺការដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ន ហើយថា លោកមិនមានការភិតភ័យអ្វីនោះទេ ចំពោះការស៊ើបអង្កេតណាមួយ ក្រោយការផ្លាស់ប្តូរអំណាច។
ការអត្ថាធិប្បាយបែបនេះរបស់នាយករដ្ឋមន្ត្រីថៃចាំផ្ទះរូបនេះ ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលសាកសួរពីផែនការនយោបាយរបស់លោក ខណៈដែលប្លុកបក្សនយោបាយដឹកនាំដោយគណបក្សឆ្ពោះទៅមុខ (MFP) កំពុងធ្វើការលើការបង្កើតរដ្ឋាភិបាលចម្រុះ៕
ប្រភព៖ Bangkok Post ប្រែសម្រួលដោយ៖ ឈឹម ទីណា