សម្តេចតេជោ ហ៊ុន សែន ៖ ជាភ័ព្វសំណាងរបស់សម្តេច ដែលមានរដ្ឋមន្ត្រីសេដ្ឋកិច្ច ២រូប ចេះសន្សំលុយ ដែលមិនមែនជារដ្ឋមន្ត្រីកញ្ជើធ្លុះ
កណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីភ័ព្វសំណាងរបស់សម្តេច ដែលមានរដ្ឋមន្ត្រីសេដ្ឋកិច្ច២រូបហើយ ចេះសន្សំលុយ ដែលមិនមែនជារដ្ឋមន្ត្រីកញ្ជើធ្លុះ ។ សម្ដេច បញ្ជាក់ថា ខ្ញុំជាមនុស្ស ដែលមានភ័ព្វសំណាងណាស់ នៅត្រង់ថា ខ្ញុំមានរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ២រូបមកហើយ ជារដ្ឋមន្ដ្រីមិនមែនកញ្ជើធ្លុះ គឺជារដ្ឋមន្ដ្រីចេះសន្សំលុយ។
សម្ដេចតេជោ បានបន្ថែមថា ដោយសារតែមានរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ ចេះសន្សំលុយបែបនេះហើយ បានជារាជរដ្ឋាភិបាល ហ៊ានដកថវិកាជាង២៣២លានដុល្លារ យកមកសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោម។ សម្ដេច ថា យើងសន្សំលុយទុក ដើម្បីវិនិយោគខ្លួនឯង ហើយគ្រាន់តែប៉ុន្មានថ្ងៃនេះ អស់លុយមិនតិចទេ។ សម្ដេចបន្ដថា បើគ្មានថវិកាបដិភាគ គម្រោងមិត្ដភក្ដិជួយ ជាជំនួយក្ដី ជាប្រាក់កម្ចីក្ដី គឺធ្វើមិនបាននោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ខ្ញុំហាក់ដូចជាសំណាងដែរ ដែលតាំងពីឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រហូតដល់ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន គឺចេះសន្សំលុយ។
សូមជម្រាបថា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ ជាអតីតរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកាន់តំណែង ចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០១៣ និងបន្ដមកដល់ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន ជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតមកដល់នាពេលបច្ចុប្បន្ន ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅព្រឹកថ្ងៃពុធទី៧ ខែមិថុនា ឆ្នាំ២០២៣ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ