រដ្ឋសភាបន្តសម័យប្រជុំដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដា្ឋន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្ដីព្រាងច្បាប់ស្ដីពី វិធានដើមកំណើតទំនិញ នៅថ្ងៃទី១២ ខែមិថុនា
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃវិមានរដ្ឋសភា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័ត ដោយបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដា្ឋន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្ដីព្រាងច្បាប់ស្ដីពី វិធានដើមកំណើតទំនិញ។
សូមជម្រាបថា អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានយល់ព្រមអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលមាន ៩ជំពូក និង ១៨២មាត្រា និងសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ដែលមាន ៩ជំពូក និង ៣៥មាត្រា។
«សេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» មានគោលបំណងកែសម្រួលបទប្បញ្ញត្តិគតិយុត្តណាដែលពុំទាន់មានភាពសមស្រប។ បន្ថែមពីលើនោះ គឺបំពេញបន្ថែមនូវបទប្បញ្ញត្តិថ្មីៗបន្ថែមទៀត ព្រមទាំងបញ្ចូលនូវប្រព័ន្ធថ្មី ដែលពុំធ្លាប់មានប្រើប្រាស់ដូចជា ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (ប្រព័ន្ធ IPIS) ជាដើម។
សេចក្ដីព្រាងច្បាប់នេះ បានប្រមូលផ្ដុំនូវរាល់បទដ្ឋានគតិយុត្តទាំងអស់ ដែលទាក់ទងទៅនឹងអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មឱ្យមានលក្ខណៈប្រមូលផ្ដុំនៅក្នុងច្បាប់តែមួយ ដែលពីមុនបទប្បញ្ញត្តិទាំងនេះ ស្ថិតនៅក្នុងបទដ្ឋានគតិយុត្តផ្សេងៗគ្នា ហើយការប្រមូលផ្ដុំបទប្បញ្ញត្តិទាំងអស់ឱ្យនៅក្នុងច្បាប់តែមួយនេះ ធ្វើឱ្យមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងអ្នកអនុវត្តច្បាប់ផងដែរ។ សេចក្តីព្រាងច្បាប់នេះ បានបញ្ចូលនូវបទប្បញ្ញត្តិដែលទាក់ទងទៅនឹងសិទ្ធិ និងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីធានានូវភាពរឹងមាំ ដែលត្រូវបានការពារដោយច្បាប់។ សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលរៀបចំឡើង មិនត្រឹមតែអាចឆ្លើយតបក្នុងការដោះស្រាយបញ្ហា ដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ស្ដែងកន្លងមកប៉ុណ្ណោះនោះទេ គឺធានាបាននូវតម្លាភាពក្នុងការផ្តល់សេវា និងបានរៀបចំបទប្បញ្ញត្តិដែលមានលក្ខណៈទំនើបកម្មស្របតាមការរីកចម្រើននៅក្នុងសង្គម ព្រមទាំងបានរៀបចំដោយព្យាករណ៍ទុកជាមុនរួចជាស្រេច ទាក់ទងនឹងការបន្តរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលនាថ្ងៃអនាគតផងដែរ។
គោលបំណងសំខាន់នៃសេចក្តីព្រាងច្បាប់នេះ គឺធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចការពារសិទ្ធិ និងពង្រឹង លើកកម្ពស់គុណភាព នៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំ គ្រប់គ្រង ស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ។
សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះជនគ្រប់រូប ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេសផងដែរ។
សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នេះមាន ១២ជំពូក និង ១៨២មាត្រា ដូចខាងក្រោម៖
– ជំពូកទី១ ស្ដីពីបទប្បញ្ញត្តិទូទៅ
– ជំពូកទី២ ស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋាន
– ជំពូកទី៣ ស្ដីពីស្ថិតិអត្រានុកូលដ្ឋាន
– ជំពូកទី៤ ស្ដីពីការចុះបញ្ជីស្នាក់នៅ
– ជំពូកទី៥ ស្ដីពីការចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
– ជំពូកទី៦ ស្ដីពីប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន
– ជំពូកទី៧ ស្ដីពីការប្រើប្រាស់ទិន្នន័យ ការការពារឯកជនភាពបុគ្គល និងសន្តិសុខទិន្នន័យ
– ជំពូកទី៨ ស្ដីពីកម្រៃសេវា
– ជំពូកទី៩ ស្ដីពីការត្រួតពិនិត្យ និងអធិការកិច្ច
– ជំពូកទី១០ ស្ដីពីទោសប្បញ្ញតិ
– ជំពូកទី១១ ស្ដីពី អន្តរប្បញ្ញតិ
– ជំពូកទី១២ ស្ដីពី អវសានប្បញ្ញតិ។
សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ គឺមានប្រយោជន៍ក្នុងការកំណត់អំពីគោលការណ៍ និងវិធានដើមកំណើតទំនិញ ទាំងវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។
សម្រាប់សេចក្ដីព្រាងច្បាប់នេះ បានផ្ដល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ ដល់អាជ្ញាធរមានសមត្ថកិច្ចជាពិសេស ក្រសួងពាណិជ្ជកម្ម ដែលទទួលបន្ទុកចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលជាសេនាធិការទទួលបន្ទុកលើការទទួលសំអាងដើមកំណើតទំនិញ ក្នុងការអនុវត្តការងារទាក់ទងនឹងវិធានដើមកំណើតទំនិញ។
សេចក្ដីព្រាងច្បាប់នេះជួយឱ្យកម្ពុជាអាចបំពេញបាននូវការសន្យារបស់ខ្លួន ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។ លើសពីនេះ គឺវាជួយជំរុញ និងសម្រួលពាណិជ្ជកម្មដល់វិស័យឯកជន ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធពីប្រទេសនាំចូល ដែលផ្ដល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា និងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក។
«សេចក្តីព្រាងច្បាប់ចូលរួមបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ដែលអាចជួយធានាថាទំនិញនាំចេញពីកម្ពុជា គឺមានដើមកំណើតនៅកម្ពុជា ហើយអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម»។ តាមរយៈយន្តការនានាក្នុងច្បាប់នេះ នឹងជួយឱ្យកម្ពុជារក្សាបាននូវផលប្រយោជន៍សេដ្ឋកិច្ចដែលទទួលបានពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក រួមទាំងអាចជួយកៀរគរចំណូលថវិកាជាតិ ដែលចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គម៕
ដោយ៖ពលជ័យ/រូបភាព៖រដ្ឋសភា