សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យភាគីវៀតណាមចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ប្រសិនបើទណ្ឌិតរូបនេះចូលទៅវៀតណាម
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យភាគីវៀតណាមចាប់ខ្លួនទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ប្រគល់មកឱ្យកម្ពុជា ប្រសិនបើទណ្ឌិតរូបនេះចូលទៅកាន់ទឹកដីវៀតណាម។ បើទណ្ឌិតរូបនេះ ចូលទៅដល់វៀតណាម ហើយវៀតណាមមិនព្រមចាប់ប្រគល់ឱ្យកម្ពុជា គឺនឹងមានបញ្ហាជាមួយគ្នា។ ការស្នើនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ នៅកម្ពុជា កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បានបញ្ជាក់ដូច្នេះថា ៖“គេនឹងរកវិធីចូលទៅក្នុងប្រទេសវៀតណាម អ៊ីចឹងសូមឯកឧត្តមឯកអគ្គរាជទូតជូនដំណឹងទៅជាផ្លូវការ ខ្ញុំនិយាយចំហ គេមានផែនការចូលមកម៉ាឡេស៊ី ម៉ាឡេស៊ីគេឱ្យចេញ គេមានផែនការចូលមកថៃ គេមានផែនការចូលទៅវៀតណាមទៀត តាមរយៈការប្រើប៉ាស្ព័របារាំង ធ្វើជាអ្នកទេសចរ គេបង្កើតនៅស្ថានភាព ហើយបើសិនចូល ខ្ញុំស្នើចាប់ឱ្យខ្ញុំ ព្រោះមានដីកាចាប់ខ្លួន យើងមានទំនាក់ទំនងទាក់ទងជាមួយនឹងបញ្ហានឹង យើងមានទំនាក់ទំនងបច្ចាប័ន សហប្រតិបត្តិការខាងផ្លូវច្បាប់មែនទេ បើអាចង្រៃនឹងចូលមកសូមចាប់ឱ្យខ្ញុំ។ ធ្វើមើលតែគេមិនដឹង ហើយសុទ្ធតែថាបាញ់ BM21 ចុះអ្នកឯងប្រកាសកាលពីឆ្នាំ២០១៩ ចូលមកចាប់នាយករដ្ឋមន្ត្រី ហើយឱ្យកងទ័ពបង្វែរកាណុងបាញ់រដ្ឋាភិបាល អីចឹងមិនឱ្យខ្ញុំបាញ់ BM21 ម៉េចកើត បើអ្នកឯងមិនទាន់ដកហូតសំដីនឹងទេ ខ្ញុំប្រើពាក្យបាញ់ BM21 អានឹងជាជម្រើសចុងក្រោយរបស់ខ្ញុំ ព្រោះអ្នកឯងចូលមកធ្វើសង្គ្រាម អ៊ីចឹងទេសំដីដែលខ្ញុំនិយាយត្រឡប់ទៅវិញ សូមអ្នកទាំងឡាយ ជាពិសេសក្រុមពួកអ្នកវិភាគឱ្យមើលឃើញមានទស្សនៈប្រវត្តិសាស្ត្រស្តីពីអំពីការវិភាគ។ ហេតុអ្វីបានជា លោក ហ៊ុន សែន និយាយអំពីការបាញ់ BM21 មូលហេតុដែលអ្នកឯងមកធ្វើរដ្ឋប្រហារ អ្នកឯងមកធ្វើសង្គ្រាម អ្នកឯងមកចាប់ ហ៊ុន សែន អ្នកឯងអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបាញ់ ហ៊ុន សែន អ៊ីចឹងវាមិនមកធ្វើសង្គ្រាមឬ បើមកធ្វើសង្គ្រាមត្រូវកម្ទេចក្បាលវាមុនទៅ អាមេបញ្ជាការត្រូវតែវ៉ៃវា កុំសង្ឃឹម។ អ្នកបើចូលទៅវៀតណាម វៀតណាមមិនព្រមចាប់ឱ្យយើងមានបញ្ហាជាមួយគ្នាហើយ”៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចតេជោ នាយករដ្ឋមន្ត្រី