ទីក្រុងញូវយ៉កប្តឹងក្រុមហ៊ុន Hyundai និង Kia ជុំវិញសំណុំរឿងចោរលួចរថយន្ត
ញូវយ៉ក៖ រដ្ឋាភិបាលទីក្រុងញូវយ៉កបានប្តឹងក្រុមហ៊ុន Hyundai Motor Co និង Kia Corp ដោយចោទប្រកាន់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងទាំងពីរថា មានការធ្វេសប្រហែស និងបង្កើតភាពរំខានជាសាធារណៈ តាមរយៈការលក់រថយន្តដែលងាយស្រួលលួចខ្លាំងពេក។
ទីក្រុងញូវយ៉កដែលជាមានប្រជាជនច្រើនជាងគេរបស់សហរដ្ឋអាមេរិក បានចូលរួមជាមួយទីក្រុងធំៗជាច្រើនផ្សេងទៀត ក្នុងការប្តឹងក្រុមហ៊ុន Hyundai និង Kia ពាក់ព័ន្ធនឹងបទល្មើសចោរកម្ម ក្នុងនោះមានទីក្រុង Baltimore, Cleveland, Milwaukee, San Diego និង Seattle។
នៅក្នុងពាក្យបណ្តឹងដែលដាក់នៅតុលាការសហព័ន្ធ Manhattan ទីក្រុងញូវយ៉កបានស្តីបន្ទោសការបរាជ័យរបស់ក្រុមហ៊ុនផលិតរថយន្តពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២២ ក្នុងការដំឡើងឧបករណ៍ប្រឆាំងនឹងចោរកម្មដែលហៅថា immobilizers នៅលើរថយន្តភាគច្រើនរបស់ពួកគេ។
ទីក្រុងនេះបាននិយាយថា ចំនួននៃការលួចរថយន្ត Hyundais និង Kias បានកើនឡើងទ្វេដងកាលពីឆ្នាំមុន ហើយក្នុងរយៈពេល ៤ខែដំបូងឆ្នាំ ២០២៣នេះ ការលួចរថយន្ត ៩៧៧ករណីត្រូវបានរាយការណ៍ កើនឡើង ១៤៨ករណី បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ផ្ទុយទៅវិញ ការលួចរថយន្ត BMW, Ford, Honda, Mercedes, Nissan និង Toyota បានធ្លាក់ចុះនៅឆ្នាំនេះ៕
ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា